មុយនិក ៖ សន្និសីទសន្តិសុខទីក្រុងមុយនិក លើកទី៦១ (MSC) បានបញ្ចប់កាលពីថ្ងៃអាទិត្យ ។ នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតស៊ិនហួ អ្នកជំនាញចិន ដែលចូលរួមក្នុង MSC បានឲ្យដឹងថា ព្រឹត្តិការណ៍នេះបានដោះស្រាយភាព មិនប្រាកដប្រជាជាសកល ដែលកំពុងលេចឡើងជាច្រើន ខណៈដែលប្រទេសចិន បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើជាកម្លាំងស្ថាបនានៅក្នុងពិភពលោក ដែលកំពុងផ្លាស់ប្តូរ។
របាយការណ៍សន្តិសុខមួយត្រូវបានចេញផ្សាយនៅមុនសន្និសីទ ដោយផ្តោតលើពហុប៉ូលភាវូបនីយកម្ម ហើយផ្នែកសហរដ្ឋអាមេរិក របស់ខ្លួនបានកត់សម្គាល់ថា រដ្ឋបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ សន្យាថានឹងមានការចូលរួមជាលក្ខណៈអន្តរជាតិ ដែលមានជម្រើសច្រើន ជាញឹកញាប់ឯកតោភាគី លុះត្រាតែមានការបកស្រាយយ៉ាងចង្អៀតចង្អល់ អំពីផលប្រយោជន៍របស់សហរដ្ឋអាមេរិក។”
លោក Wang Junsheng អ្នកស្រាវជ្រាវនៅវិទ្យាស្ថានយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក និងសកល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានឲ្យដឹងថា ការផ្តោតសំខាន់នៃសន្និសីទនេះ គឺភាពមិនច្បាស់លាស់ដែលកើតចេញពីរដ្ឋបាលលោក ត្រាំ ។ លោកបានលើកឡើងថា សេចក្តីថ្លែងការណ៍ និងទង្វើកន្លងមករបស់រដ្ឋបាល បានបង្ហាញពីការមិនគោរពដល់សណ្តាប់ធ្នាប់អន្តរជាតិ និងការរំខានដល់ ប្រព័ន្ធអន្តរជាតិ ដែលមានស្រាប់។
របាយការណ៍បានបញ្ជាក់ថា ភាពព្រងើយកន្តើយរបស់រដ្ឋបាល លោកត្រាំ ចំពោះភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងការប្រែប្រួលអាកាសធាតុ នឹងជះឥទ្ធិពលអវិជ្ជមានដល់បណ្តា ប្រទេសនៅសកលលោកខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Wang Yiwei នាយកវិទ្យាស្ថានកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Renmin នៃប្រទេសចិន បានឲ្យដឹងថា ការដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស និង អង្គការសុខភាពពិភពលោក មិនត្រឹមតែធ្វើឱ្យខូចដល់សិទ្ធិអំណាច និងប្រសិទ្ធភាពនៃប្រព័ន្ធអភិបាលកិច្ច ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យសន្ទុះនៃកិច្ចសហប្រតិបត្តិការពហុភាគីមានការថយចុះផងដែរ។ លោកបានអះអាងថា នេះបានធ្វើឲ្យការបែកបាក់ នៃសណ្តាប់ធ្នាប់ អន្តរជាតិកាន់តែស៊ីជម្រៅ និងបានពន្លឿនការផ្លាស់ប្តូររបស់ពិភពលោក ឆ្ពោះទៅរកស្ថានភាពដែលគ្មាន សណ្ដាប់ធ្នាប់កាន់តែខ្លាំង។
ក្នុងអំឡុងពេលសុន្ទរកថារបស់លោកនៅឯ MSC អនុប្រធានាធិបតីសហរដ្ឋអាមេរិក J.D. Vance បានរិះគន់បណ្តាប្រទេសអ៊ឺរ៉ុប រួមទាំងប្រទេសអាល្លឺម៉ង់ អំពីបញ្ហាទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ និងអន្តោប្រវេសន៍ ។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃសៅរ៍បានរិះគន់លោក Vance ចំពោះការជ្រៀតជ្រែកក្នុងនយោបាយអាល្លឺម៉ង់ ។ រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot កាលពីថ្ងៃសៅរ៍ក៏បានសង្កត់ធ្ងន់ថា អឺរ៉ុបនឹងមិនទទួលយកការដាក់ ទណ្ឌកម្មពីខាងក្រៅឡើយ ៕
