រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស និងសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលដែលភាគីទាំងពីរបានអះអាងឡើងវិញនូវការគាំទ្ររបស់ពួកគេ ចំពោះដំណោះស្រាយរដ្ឋទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានរាយការណ៍ថា លោក អាបាស បានអះអាងជាថ្មីនូវការបដិសេធទាំងស្រុងរបស់គាត់ចំពោះការប៉ុនប៉ងណាមួយ ដើម្បីបញ្ចូលទឹកដី និងផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងតំបន់ West Bank ដែល “បំពានលើដំណោះស្រាយភាពស្របច្បាប់អន្តរជាតិ និងច្បាប់អន្តរជាតិ” និងធ្វើឱ្យខូចដល់ដំណោះស្រាយរដ្ឋទាំងពីរ និងឱកាសសម្រាប់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់” ។
មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងទឹកដីប៉ាឡេស្ទីន គូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់ជំនួយមនុស្សធម៌ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ធានាអាជ្ញាធរប៉ាឡេស្ទីនទទួលបន្ទុកនៅតំបន់ហ្គាហ្សា ជំរុញការអនុវត្តដំណោះស្រាយរដ្ឋទាំងពីរដោយផ្អែកលើភាពស្របច្បាប់អន្តរជាតិ និងការកសាងតំបន់ហ្គាហ្សាផ្សេងទៀតនៅលើដីរបស់ពួកគេ ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន។
WAFA បានរាយការណ៍ថា លោក អាបាស បានប្រាប់លោក ម៉ាក្រុង អំពីការរៀបចំដែលកំពុងដំណើរការ សម្រាប់កិច្ចប្រជុំកំពូលអារ៉ាប់គ្រាអាសន្ននាពេលខាងមុខ ស្តីពីបញ្ហាប៉ាឡេស្ទីន ដែលរៀបចំដោយប្រទេសអេហ្ស៊ីប។ លោក ម៉ាក្រុង បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទថា “ខ្ញុំបានរំលឹកឡើងវិញនូវការពេញចិត្តរបស់ខ្ញុំ ក្នុងការមើលឃើញដំណាក់កាលដំបូងនៃបទឈប់បាញ់ត្រូវបានគោរព” ។
លោកបានលើកឡើងថា ប្រទេសបារាំងកំពុងធ្វើការជាមួយដៃគូក្នុងតំបន់ និងពិភពលោកឆ្ពោះទៅរក “គោលដៅច្បាស់លាស់មួយ៖ ការកំណត់ផែនទីបង្ហាញផ្លូវដែលអាចជឿទុកចិត្ត បានសម្រាប់ការអនុវត្តដំណោះស្រាយរដ្ឋពីរ ដែលជាមធ្យោបាយតែមួយគត់ ដើម្បីធានាសន្តិភាព និងសន្តិសុខសម្រាប់ទាំងអស់គ្នានៅក្នុងតំបន់” ៕
ប្រែសម្រួល ឈូក បូរ៉ា
