បរទេស៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines បានមកដល់អាកាសយានដ្ឋាន Pearson នៃទីក្រុង Toronto របស់កាណាដា យ៉ាងតក់ស្លុត ហើយបានធ្លាក់ក្រឡាប់ផ្ងារជើង ឡើងលើកាលពីថ្ងៃចន្ទ ដោយបានបណ្តាល ឲ្យមនុស្ស ១៧ នាក់រងរបួស។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា អាកាសយានដ្ឋាន បានបញ្ជាក់នៅលើ X ថា “ឧប្បត្តិហេតុ” បានកើតឡើងជាមួយជើងហោះហើរ Delta ពីទីក្រុង Minneapolis ហើយអ្នកដំណើរមាន ៧៦ នាក់និងនាវិក ៤ នាក់ត្រូវបានរាប់បញ្ចូល។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ហើយជើងហោះហើរនៅអាកាសយាន ដ្ឋានដែលផ្ទុកអ្នកដំណើរច្រើន ជាងអាកាសយានដ្ឋានកាណាដា ផ្សេងទៀតត្រូវបានផ្អាកដំណើរការប្រហែលពីរម៉ោងកន្លះ។ ផ្លូវរត់ពីរនឹងនៅតែបិទ ក្នុងអំឡុងពេលស៊ើបអង្កេត។
លោក Deborah Flint នាយកប្រតិបត្តិនៃ Greater Toronto Airports Authority បានប្រាប់អ្នកយកព័ត៌មានថា “យើងពិតជាមានអំណរគុណខ្លាំងណាស់ ដែលមិនមានការបាត់បង់អាយុជីវិត និងមានតែអ្នករបួសតិចតួច” ។
ចំនួនអ្នករងរបួសគឺធ្លាក់ចុះបើតាមការរាយការណ៍ ដំបូងពីក្រុមគ្រូពេទ្យថា មានអ្នករបួស ១៩នាក់។
វីដេអូពីកន្លែងកើតហេតុបង្ហាញពីយន្តហោះ Mitsubishi CRJ-900LR ក្រឡាប់ផ្ងារជើង លើផ្ទាំងទឹកកក ។ យន្តហោះនេះត្រូវបានបិទបាំង ដោយព្រិលពីព្យុះរដូវរងា ដែលបានវាយប្រហារទីក្រុងតូរ៉ុនតូកាលពីចុងសប្តាហ៍៕
ប្រែសម្រួលៈ ណៃ តុលា
