ទំនាក់ទំនងចិន-អាមេរិក គឺជាទំនាក់ទំនងទ្វេភាគី ដែលមានសារៈសំខាន់ជាងគេបំផុត របស់ពិភពលោក ។ ការវិលត្រឡប់មកកាន់ សេតវិមានសាជាថ្មី ជាលើកទី២ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមាននិន្នាការ ប្រកាន់យក “គោលនយោបាយអាមេរិកដំបូង” និង “គោលនយោបាយគាំពារ និយម” បានបង្កឱ្យ មានការព្រួយបារម្ភ និងការវិភាគផ្សេងៗគ្នាចំពោះអនាគត នៃទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ។
យ៉ាងណាមិញ អ្វីដែលជាវឌ្ឍនភាពវិជ្ជមាន ក្នុងទំនាក់ទំនងចិន-អាមេរិកនោះគឺ ការរក្សានូវការប្រាស្រ័យទាក់ទងគ្នា កម្រិតខ្ពស់ជាបន្តបន្ទាប់ រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ដែលនេះគឺជាសញ្ញាវិជ្ជមានសម្រាប់ទំនាក់ទំនងទ្វេភាគី ។ ជាក់ស្តែង ជំនួបតាមប្រព័ន្ធទូរស័ព្ទ រវាងប្រធានរដ្ឋចិន ស៊ី ជីនពីង និងប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ក៏ដូចជារវាងប្រមុខការទូត នៃប្រទេសទាំងពីរ បានក្លាយទៅជាកត្តាកំណត់ ស្ថិរភាព (stabilizer) ក្នុងទំនាក់ទំនងទ្វេភាគី ចិន-អាមេរិក យ៉ាងហោចណាស់ក្នុងពេលបច្ចុប្បន្ន ។ ទោះបីជាមានភាពខុសគ្នាមួយចំនួន ភាគីទាំងពីរបានបង្ហាញ ពីឆន្ទៈរួមក្នុងការរក្សាកិច្ចសន្ទនា ដោយបើកចំហ និងបន្តធ្វើការជាមួយគ្នា ដើម្បីនាំមកនូវប្រយោជន៍ទៅវិញទៅមក និងសន្តិភាពសម្រាប់ពិភពលោក ដែលនេះជាចំណុចចាប់ផ្តើមល្អមួយ ក្នុងយុគសម័យថ្មី នៃទំនាក់ទំនងចិន-អាមេរិក ។

មិនថាស្ថានការណ៍ពិភពលោក មានការប្រែប្រួលយ៉ាងណា រដ្ឋាភិបាលចិនក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យរបស់ប្រធានរដ្ឋចិន ស៊ី ជីនពីង តែងតែចង់មើលឃើញមហាអំណាចទាំងពីរក្លាយជាដៃគូ និងមិត្តភក្តិ ដែលអាចរួមចំណែកដល់ភាពជោគជ័យ របស់គ្នាទៅវិញទៅមក។ ការណ៍ដែលរដ្ឋាភិបាលចិន បានចាត់តំណាងជាន់ខ្ពស់ថ្នាក់អនុប្រធានាធិបតី ចូលរួមក្នុងពិធីស្បថការឡើង កាន់តំណែងជាប្រធានាធិបតី របស់លោកត្រាំ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចិន គឺជាសាក្ខីភាពដែលឆ្លុះបញ្ចាំងឱ្យការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាលចិន ចំពោះទំនាក់ទំនងទ្វេភាគីចិន-អាមេរិក។
តាមពិតទៅ ពិភពលោកលោកនេះ មានទំហំធំល្មមសម្រាប់ចិន និងអាមេរិក ក្នុងការស្វែងរកឱកាសកិច្ចសហប្រតិបត្តិការ និងបន្តគោលនយោបាយមេត្រីភាព ដែលនឹងរួមចំណែក ដល់ស្ថិរភាព សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកទាំងមូល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសទាំងពីរបាន សម្រេចសមិទ្ធផលច្រើន ក្នុងទំនាក់ទំនងទ្វេភាគី ដែលក្នុងនោះរួមមានការរៀបចំ កិច្ចពិភាក្សាយុទ្ធសាស្ត្រ កិច្ចប្រជុំសេដ្ឋកិច្ច-ហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការ ប្រឆាំង បទល្មើសគ្រឿងញៀន និងគំនិតផ្តួចផ្តើមអាកាសធាតុ ។
ក្រៅពីនេះ ភាគីទាំងពីរក៏បានចាប់ផ្តើមឡើងវិញនូវកិច្ចព្រមព្រៀង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងគំាទ្រគ្នាទៅវិញទៅមក លើសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពី “បញ្ញាសិប្បនិម្មិត” កាលពីឆ្នាំ២០២៤ ។ បច្ចុប្បន្ន ក្រុមហ៊ុនអាមេរិកជាង ៧០ ម៉ឺន កំពុងដំណើរការ នៅក្នុងប្រទេសចិន ដែលបង្កើតប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ ៥០ ប៊ីលានដុល្លារអាមេរិក ខណៈដែលការនាំចេញ ពីអាមេរិកទៅចិនបានបង្កើតការងារជិត ១ លានកន្លែងជូនពលរដ្ឋអាមេរិក។ ក្រោមគំនិតផ្តួចផ្តើម “៥០ ម៉ឺនក្នុងរយៈពេលប្រាំឆ្នាំ” ប្រទេសចិនបានស្វាគមន៍យុវជនអាមេរិកជិត ១៥ ម៉ឺននាក់ ដើម្បីជំរុញមិត្តភាព និងការយល់ដឹងទៅវិញទៅមក ។ សមិទ្ធផលទាំងនេះគឺជាតឹកតាងបង្ហាញថា នៅពេលដែលចិន និងអាមេរិកធ្វើកិច្ច សហប្រតិបត្តិការជាមួយគ្នា ប្រទេសទាំងពីរនឹងទទួលបានផលចំណេញច្រើន ជាងពេលប្រឈមមុខដាក់គ្នា ដែលនេះផ្ទុយទាំងស្រុងពីទស្សនៈ “ផលបូកសូន្យ” ។
ទោះបីជាយ៉ាងនេះក្តី អ្វីដែលគួរឱ្យព្រួយបារម្ភណ៍នោះ គឺឥរិយាបថដែលមិនអាចទស្សន៍ទាយបានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ អ្វីដែលលោកនិយាយថ្ងៃនេះ អាចនឹងប្រែប្រួលនៅថ្ងៃស្អែក ពោលគឺ លោកអាចដាក់ចេញវិធានការនានាក្រោមលេសថា ការពារផលប្រយោជន៍ និងសន្តិសុខអាមេរិក ដែលការណ៍នេះ អាចនឹងគំរាមកំហែង ដល់ស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិកគ្រប់ពេលវេលា។
ជាក់ស្តែង រដ្ឋាភិបាលអាមេរិក បានអនុម័តបន្ថែមអត្រាពន្ធគយ ១០% លើការនាំចូលទំនិញ របស់ចិនទាំងអស់ ដែលបានចូលជាធរមាន កាលពីដើមខែកុម្ភៈនេះ ព្រមទាំងតម្លើងពន្ធបន្ថែម ២៥% ដាច់ដោយឡែកលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ។ សូម្បីប្រទេសជិតខាងដូចជាកាណាដា និងម៉ិចស៊ិក ក៏អាមេរិកបានគំរាមប្រើប្រាស់របាំងពន្ធគយ ជាឧបករណ៍បម្រើឱ្យគោលនយោបាយខ្លួនដែរ។
ចំណាត់ការនេះ ត្រូវបានមើលឃើញថា ជាការដើរប្រាស ចាកពីគន្លង នៃពាណិជ្ជកម្មសេរី ដែលនឹងមិនត្រឹមតែប៉ះពាល់ ដល់ទំនាក់ទំនងទ្វេភាគី ចិន-អាមេរិកទេ តែថែមទាំងមិនអំណោយផលដល់សេដ្ឋកិច្ច អាមេរិកដែរ ។ គ្នាននរណាម្នាក់នឹងក្លាយទៅជាអ្នកឈ្នះពិតប្រាកដក្នុងល្បែងពន្ធគយទេ។ មានតែការគោរពគ្នាទៅវិញទៅមក ការប្រកាន់ខ្ជាប់គោលការណ៍ សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ទើបធ្វើឱ្យមហាអំណាចទាំងពីរ អាចក្លាយទៅជាមិត្ត និងធ្វើការរួមគ្នា ដើម្បីដោះស្រាយភាពខុសប្លែកគ្នា និងនាំមកស្ថិរភាព សន្តិភាព និងវិបុលភាពដល់ពិភពលោក។ ការតម្លើងអត្រាពន្ធគយមិនអាចដោះស្រាយបញ្ហាបានឡើយ ក្រៅតែពីនាំមកនូវភាពតានតឹង សាជាថ្មីម្តងទៀតដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយអ្នកដែលរងគ្រោះពិតប្រាកដគឺជាប្រជាពលរដ្ឋ ដែលនឹងប្រឈមមុខនឹងការកើនឡើង នៃអត្រាអតិផរណា និងនិកម្មភាព ។
សរុបមកវិញ ខណៈមហាអំណាចទាំងពីរ ហាក់បង្ហាញ សញ្ញាវិជ្ជមានសម្រាប់ការបើកចំហចំពោះកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយ បញ្ហាខុសគ្នា និងធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍រួម ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវគោលនយោបាយរបស់លោកត្រាំ ដែលគ្មាននរណាម្នាក់អាច ទស្សន៍ទាយទុកជាមុនបាន អាចនឹងនាំមកនូវហានិភ័យ គ្រប់ពេលវេលាដល់ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។មានតែការគោរពគ្នាទៅវិញទៅមក ការប្រកាន់ខ្ជាប់គោលការណ៍សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះប៉ុណ្ណោះ ដែលអាចធានាស្ថិរភាពចិន-អាមេរិកនៅពេលអនាគត ៕
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
