តូក្យូ៖ រដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Takeshi Iwaya បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន នឹងមិនចូលរួម ក្នុងកិច្ចប្រជុំប្រទេស ហត្ថលេខី នៃសន្ធិសញ្ញាហាមប្រាម នុយក្លេអ៊ែររបស់អង្គការ សហប្រជាជាតិ នៅខែក្រោយនៅទីក្រុង ញូវយ៉កនោះទេ បើទោះបីជាមានការអំពាវនាវ ឱ្យចូលរួមក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន ជាប្រទេសតែមួយគត់ ដែលបានជួបប្រទះការទម្លាក់គ្រាប់បែក បរមាណូក៏ដោយ។
ក្នុងការប្រកាសពីការសម្រេចចិត្ត រំលងការចរចារយៈពេល ៥ថ្ងៃរបស់អង្គការសហប្រជាជាតិ ស្តីពីការហាមឃាត់អាវុធ នុយក្លេអ៊ែរចាប់ពីថ្ងៃទី៣ ខែមីនា លោក Iwaya បានប្រាប់សន្និសីទ សារព័ត៌មានថា ការទប់ស្កាត់នុយក្លេអ៊ែរ ក្រោមសម្ព័ន្ធភាព ជប៉ុន-អាមេរិកគឺ “ចាំបាច់ដើម្បី ការពារជាតិរបស់យើង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ជាក់ស្តែងជាមួយនឹងប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ីនៅក្នុងចិត្ត លោក Iwaya បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុនប្រឈមមុខនឹង “បរិយាកាសសន្តិសុខ ដ៏ស្មុគស្មាញ និងធ្ងន់ធ្ងរបំផុត” ចាប់តាំងពីការបញ្ចប់សង្គ្រាម លោកលើកទី ២ ហើយការចូលរួមការជួបជុំនាពេលខាងមុខអាច “ផ្ញើសារខុស និងបង្កបញ្ហា” សម្រាប់សន្តិសុខរបស់ប្រទេស។
ប្រទេសជប៉ុន មិនមែនជាសមាជិក នៃសន្ធិសញ្ញាហាមប្រាមនោះទេ បានស្ថិតនៅក្រោមការការពារ នៃឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកក្នុងយុគសម័យក្រោយសង្គ្រាម ហើយបានរំលងកិច្ចប្រជុំពីរលើកមុនក្នុងឆ្នាំ ២០២២ និង ២០២៣។ កិច្ចប្រជុំលើកទី ៣ នឹងប្រព្រឹត្តទៅ នៅមុនខួបលើកទី ៨០ នៃការទម្លាក់គ្រាប់បែកបរមាណូ របស់សហរដ្ឋអាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។
លោក Iwaya បានលើកឡើងថា រដ្ឋាភិបាលបានពិនិត្យករណី នៃបណ្តាប្រទេសចូលរួម ជាអ្នកសង្កេតការណ៍ នៅក្នុងការប្រមូលផ្តុំសន្ធិសញ្ញាកន្លងមក រួមទាំងប្រទេសអាល្លឺម៉ង់ មុនពេលសន្និដ្ឋានថាការចូលរួមគឺ មិនចាំបាច់។ លោកបន្ដថា “យើងត្រូវប្រឈមមុខនឹងការពិតនៃការប្រណាំងអាវុធនុយក្លេអ៊ែរដែលកំពុងដំណើរការ” ដោយបន្ថែមថាសន្ធិសញ្ញានេះគឺមុនខុសគ្នា ជាមួយនឹងគំនិតនៃការទប់ស្កាត់នុយក្លេអ៊ែរ ហើយទំនងជាមិនទទួលបានការ យល់ព្រមពីរដ្ឋនុយក្លេអ៊ែរ៕
ប្រែសម្រួល ឈូក បូរ៉ា
