វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងរុស្ស៊ី ព្រមព្រៀងគ្នាធ្វើការលើផ្លូវមួយ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ទ្វេភាគីក្នុងអំឡុងពេលកិច្ចចរចាកម្រិត ខ្ពស់ដ៏ទូលំទូលាយនៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
នៅក្នុងអន្តរកម្មទល់មុខគ្នាជាលើកដំបូងរវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ី ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ គណៈប្រតិភូរុស្ស៊ី ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងទីប្រឹក្សាកិច្ចការបរទេសរបស់វិមានក្រឹមឡាំងលោក Yuri Ushakov បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អមដោយអ្នក ទទួលបន្ទុកសន្តិសុខជាតិ ពិសេសលោក Mike Advis និងប្រេសិតពិសេសអាមេរិក ទៅកាន់តំបន់មជ្ឈិមបូព៌ាលោក Steve Witkoff ។
បន្ទាប់ពីកិច្ចពិភាក្សារយៈពេល ៤ ម៉ោងកន្លះ លោក Witkoff បានពណ៌នាកិច្ចពិភាក្សារីយ៉ាដថា ជា “វិជ្ជមាន រំភើប និងស្ថាបនា”។ លោក Ushakov បានលើកឡើងថា វាគឺជា “ការពិភាក្សាដ៏ហ្មត់ចត់បំផុត លើបញ្ហាទាំងអស់ ដែលយើងចង់ដោះស្រាយ” ដោយកត់សម្គាល់ថា ភាគីទាំងពីរបានយល់ព្រមគិតគូរពីផលប្រយោជន៍របស់គ្នាទៅវិញទៅមក និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
សហរដ្ឋអាមេរិក និងរុស្ស៊ី បានព្រមព្រៀងគ្នា “បង្កើតយន្តការពិគ្រោះយោបល់មួយ ដើម្បីដោះស្រាយផលប៉ះពាល់ ចំពោះទំនាក់ទំនងទ្វេភាគីរបស់យើង ក្នុងគោលបំណង ចាត់វិធានការចាំបាច់ ដើម្បីធ្វើឱ្យប្រតិបត្តិការ នៃបេសកកម្មការទូត របស់យើងមានលក្ខណៈធម្មតា” នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ នឹង “តែងតាំងក្រុមកម្រិតខ្ពស់រៀងៗខ្លួន ដើម្បីចាប់ផ្តើមធ្វើការលើផ្លូវមួយ ដើម្បីបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន ឱ្យបានឆាប់តាមដែលអាចធ្វើបាន តាមរបៀបដែលស្ថិតស្ថេរ និរន្តរភាព និងអាចទទួលយក បានពីគ្រប់ភាគីទាំងអស់”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំងពីរ បានយល់ព្រម “ដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការ នាពេលអនាគតលើបញ្ហា នៃផលប្រយោជន៍ភូមិសាស្ត្រនយោបាយទៅវិញទៅមក និងឱកាសសេដ្ឋកិច្ច និងការវិនិយោគជាប្រវត្តិសាស្ត្រ ដែលនឹងផុសចេញពីការបញ្ចប់ដោយជោគជ័យ នៃជម្លោះនៅអ៊ុយក្រែន”៕
ប្រែសម្រួល ឈូក បូរ៉ា
