បរទេស៖ ក្រុមមន្ត្រីបាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា យោធាអូស្ត្រាលី និងនូវែលសេឡង់ កំពុងឃ្លាំមើលនាវាចម្បាំងចិន ចំនួនបីគ្រឿង ដែលធ្វើដំណើរទៅភាគខាងត្បូង ឆ្ងាយខុសពីធម្មតា តាមឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសអូស្ត្រាលីក្នុងបេសកកម្មមិនស្គាល់។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីបានបង្ហាញកាលពីមួយសប្តាហ៍មុនថា កប៉ាល់ចម្បាំង បានធ្វើដំណើរឆ្លងកាត់អាស៊ីអាគ្នេយ៍ និងសមុទ្រ Coral ហើយកំពុងខិតជិតភាគឦសាន នៃប្រទេសអូស្ត្រាលី។
រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កប៉ាល់ចិន – នាវាចម្បាំងកងទ័ពជើងទឹក Hengyang, នាវា Zunyi និងនាវា Weishanhu – បាន “នៅឆ្ងាយឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសអូស្ត្រាលី” ។
មន្ត្រីការពារជាតិមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ លើរបាយការណ៍របស់កាសែត Financial Times ដែលថា ក្រុមបេសកកម្មមកពីយោធា របស់ប្រទេសចិន កងទ័ពរំដោះប្រជាជន ស្ថិតនៅចម្ងាយ ២៧៨ គីឡូម៉ែត្រ ភាគខាងកើតទីក្រុងស៊ីដនី នោះទេ។
យ៉ាងណាក៏ដោយ លោក Marles បានប្រាប់ទូរទស្សន៍ Sky News ថា “គ្មានអ្វីគួរឱ្យសង្ស័យទេ ថានេះមិនមែនជាព្រឹត្តិការណ៍ ដែលមិនធ្លាប់ មានពីមុនមកនោះទេ ប៉ុន្តែជាព្រឹត្តិការណ៍មិនធម្មតាមួយ”៕
ប្រែសម្រួលៈ ណៃ តុលា
