ប៉េកាំងៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Wang Wentao បានឲ្យដឹងថា ប្រទេសចិន មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធបន្ថែម ១០ ភាគរយលើទំនិញរបស់ចិន ដោយសារបញ្ហា ទាក់ទងនឹងសារធាតុ fentanyl ។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយផ្ញើទៅកាន់លោក Howard Lutnick លេខាធិការពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលទើបតែងតាំងថ្មី ដោយអបអរសាទរ លោកក្នុងការចូលកាន់តំណែង។
លោកបានលើកឡើងថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានចូលរួមក្នុង កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងស៊ីជម្រៅលើការគ្រប់គ្រង សារធាតុ fentanyl ហើយលទ្ធផលសំខាន់ៗ ត្រូវបានសម្រេច ដោយលោកបានបន្ដថា ការដំឡើងពន្ធឯកតោភាគី ដែលដាក់ដោយ សហរដ្ឋអាមេរិក បានរំខានដល់ទំនាក់ ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតា រវាងប្រទេសទាំងពីរ។
លោកបានលើកឡើងថា ប្រទេសចិនសង្ឃឹមថានឹងដោះស្រាយកង្វល់របស់គ្នាទៅវិញទៅមកតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ស្មើៗគ្នា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជាសមាសធាតុដ៏សំខាន់ របស់ទំនាក់ទំនងចិន-អាមេរិក។ ។ យោងតាមលោក Wang បានឱ្យដឹងថា ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចធំ ជាងគេបំផុតទាំងពីរ ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាកត្តាសំខាន់ សម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ និងសម្រាប់កំណើន សេដ្ឋកិច្ចពិភពលោក។
លោកបានបន្ដថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ នាយកដ្ឋានពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានដើរតួនាទីយ៉ាង សំខាន់ក្នុងការលើកកម្ពស់ និងសម្របសម្រួលកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ លោកបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការ ជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនការសន្ទនា គ្រប់គ្រងភាពខុសគ្នា និងលើកកម្ពស់កិច្ច សហប្រតិបត្តិការលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយហេតុនេះ បង្កើតបរិយាកាស គោលនយោបាយត្រឹមត្រូវ និងអាចព្យាករណ៍បាន សម្រាប់កិច្ចសហប្រតិបត្តិការ ជាក់ស្តែង រវាងសហគមន៍ ធុរកិច្ចនៃប្រទេសទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា
