ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ រំពឹងថា ប្រធានាធិបតីចិន នឹងធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក ដោយមិនប្រាប់ពេល

Xinhua

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោករំពឹងថា លោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងទៅបំពេញ ទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដោយមិនកំណត់ពេលវេលា សម្រាប់ការធ្វើដំណើរ របស់លោក។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បានធ្វើការកត់ សម្គាល់ ទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One ហើយបាននិយាយថា “វាអាចទៅរួច” សម្រាប់សហរដ្ឋអាមេរិក និងចិន ក្នុងការមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្មីមួយ ។ ការសន្ទនា ឬអន្តរកម្មរវាងលោក ស៊ី និងលោក ត្រាំ ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ ចំពោះការបន្ធូរបន្ថយ ឬពន្យារពេលពន្ធគយ ដែលមានសក្តានុពល។

លោក ដូណាល់ ត្រាំ បាននិយាយថា “ទីបំផុតយើងនឹង មានប្រធានាធិបតី ស៊ី ហើយ យើងនឹងមានអ្នកគ្រប់គ្នា មកសហរដ្ឋអាមេរិក)” លោកក៏បាននិយាយអំពីមេដឹកនាំផ្សេងទៀត ដែលមានសក្តានុពលនឹង ធ្វើទស្សនកិច្ចនៅ សហរដ្ឋអាមេរិកផងដែរ។

លោក ស៊ី ជិនពីង បានធ្វើដំណើរ ចុងក្រោយ ទៅកាន់ សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងដំណើរទស្សនកិច្ច លើកទីប្រាំ របស់លោកទៅកាន់ ប្រទេសនេះក្នុងនាមជាប្រធានាធិបតីចិន សម្រាប់កិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden ដែលបណ្តាលឱ្យមានកិច្ចព្រមព្រៀង ដើម្បីបន្តទំនាក់ទំនង យោធាទៅយោធា និងទប់ស្កាត់ការផលិតថ្នាំញៀនប្រភេទ fentanyl ។

លោក ត្រាំ និងលោក ស៊ី បាននិយាយជាមួយគ្នាមុន ដែលលោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ហើយបានពិភាក្សាគ្នា អំពីបញ្ហាជាច្រើនរួមមាន TikTok ពាណិជ្ជកម្ម និងកោះតៃវ៉ាន់ ។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធថា លោកនិយាយ ទៅកាន់ប្រទេសចិនអំពី TikTok ខណៈដែលសហរដ្ឋអាមេរិក ស្វែងរកឈ្មួញកណ្តាល នៃការលក់កម្មវិធី ដ៏ពេញនិយម ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុនមេរបស់ចិន ByteDance ៕

To Top