បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទូរទស្សន៍ CNBC TV18 បានឱ្យដឹងថា ការដំឡើងពន្ធ២៥ភាគរយ ដែលត្រូវបានស្នើឡើងទៅលើគ្រប់ប្រភេទ ឱសថដែលនាំចូលក្នុងសហរដ្ឋអាមេរិក អាចប៉ះពាល់ដល់ក្រុមហ៊ុនឥណ្ឌាជាច្រើន និងអាចនាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងថ្លៃដើម សម្រាប់អ្នកប្រើប្រាស់អាមេរិកខ្លួនឯង។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់អ្នកសារព័ត៌មាន នៅឯវិមានលំនៅដ្ឋានរបស់លោក Mar-a-Lago របស់គាត់ថា ពន្ធតាមវិស័យលើឱសថ និងសារធាតុដើម្បីផលិតបន្ទះឈីបឬ semiconductor នឹងចាប់ផ្តើមនៅ ក្នុងកម្រិតតម្លើង២៥ភាគរយ ឬខ្ពស់ជាងនេះ។
លោក Trump បានកត់សម្គាល់ថាពន្ធគយនឹង មិនអាចអនុវត្តបានចំពោះក្រុមហ៊ុនឱសថ ដែលមានរោងចក្រនៅសហរដ្ឋអាមេរិកទេ ហើយយើងចង់ផ្តល់ពេលឱ្យពួកគេចូលមកវិញ ព្រោះដូចដែលអ្នកដឹងហើយថាពេលពួកគេចូលក្នុងសហរដ្ឋអាមេរិក ហើយពួកគេមានរោងចក្រ ដែលមិនត្រុវបង់ពន្ធជាច្រើនផ្សេងទៀត។ ដូច្នេះយើងចង់ផ្តល់ឱកាសឲ្យ ពួកគេបន្តិចបន្តួចប៉ុណ្ណោះដើម្បីកែប្រែ។
ការនាំចេញឱសថរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិកត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៨,៧៣ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៤ ដែលជាការកើនឡើងជិត១៦ភាគរយកាលពីឆ្នាំមុន ដែលស្មើនឹងប្រហែល ៣១ភាគរយ នៃការនាំចេញសរុបរបស់ឧស្សាហកម្ម នេះបើយោងតាមស្ថាប័នពាណិជ្ជកម្ម ដែលគាំទ្រដោយរដ្ឋាភិបាល ក្រុមប្រឹក្សាលើកកម្ពស់ការ នាំចេញឱសថនៃប្រទេសឥណ្ឌា (Pharmexcil) ។
គួរឲ្យដឹងដែរថាការវិវឌ្ឍន៍នេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជួបលោក Trump ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន ដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ
ប្រទេស៕
ប្រែសម្រួល៖ ស៊ុន លី
