បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូមានការព្រួយបារម្ភ ចំពោះរបាយការណ៍ដែលថា ប្រទេសសមាជិកណាតូ កំពុងពិចារណា លើការដាក់ពង្រាយកងទ័ព ទៅកាន់អ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយឡើងវិញថា សេណារីយ៉ូបែបនេះនឹងមិនអាច ទទួលយកបានសម្រាប់រុស្ស៊ីឡើយ។
កាលពីថ្ងៃពុធ កាសែត The Telegraph និង Bloomberg បានដកស្រង់សម្តីមន្ត្រី លោកខាងលិច ដែលមិនបញ្ចេញឈ្មោះដោយនិយាយថា ចក្រភពអង់គ្លេស និងបារាំង កំពុងរៀបចំបង្ហាញប្រធានាធិបតីអាមេរិក លោក Donald Trump នូវផែនការ សម្រាប់ការបង្កើត កងកម្លាំងធានាសម្រាប់ អ៊ុយក្រែន ប្រសិនបើទីក្រុងកៀវ និងមូស្គូយល់ព្រមកិច្ចព្រមព្រៀងសន្តិភាព។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នៅថ្ងៃដដែល ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាអំពីបញ្ហានេះបន្ថែមទៀត។
យ៉ាងណាក្តីថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោក Peskov បាននិយាយថា ទីក្រុងមូស្គូ ពិតជាធ្វើតាមរបាយការណ៍ ទាំងអស់នេះយ៉ាងជិតស្និទ្ធបំផុត។ លោកបានបន្ថែមថា ការអះអាងអំពីការមកដល់វត្តមានកម្លាំង ទ័ពពីរដ្ឋណាតូណាមួយនៅក្នុងប្រទេសអ៊ុយក្រែន នឹងបង្កឱ្យមានការព្រួយបារម្ភ ដោយលើកឡើង ពីផលប៉ះពាល់ដែលនឹងមានសម្រាប់សន្តិសុខជាតិ របស់រុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
