ព័ត៌មានអន្តរជាតិ

អាមេរិក សាកល្បងមីស៊ីលផ្លោង ICBM ដែលមានសមត្ថភាព ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ លើកដំបូង ក្រោមការគ្រប់គ្រង របស់លោក ដូណាល់ ត្រាំ

AFP

បរទេស ៖ យោធាអាមេរិកបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប Minuteman III (ICBM) ដែលគ្មានអាវុធ ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ តាមអ្វីដែលខ្លួនបានពិពណ៌នាថា ជាការត្រួតពិនិត្យជាប្រចាំ ។ ការសាកល្បងនេះ ជាការសាកល្បងលើកដំបូងក្រោម ការគ្រប់គ្រងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមកងទ័ពអាកាសអាមេរិក មីស៊ីលនេះ ត្រូវបានបាញ់ចេញពីមូលដ្ឋាន កងកម្លាំងអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធ។ ក្រុមមន្ត្រីបាននិយាយថា ការបាញ់សាកល្បងនេះគឺ មានគោលបំណង “ដើម្បីបង្ហាញថា ការរារាំងនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកនៅតែមានសុវត្ថិភាព ភាពជឿជាក់ និងមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការគំរាមកំហែង នៅសតវត្សរ៍ទី២១ និងការធានាដល់សម្ព័ន្ធមិត្ត”។

កងទ័ពអាកាសក៏បាននិយាយផងដែរថា ការបាញ់បង្ហោះនេះ “មិនមែនជាការឆ្លើយតបទៅនឹងព្រឹត្តិការណ៍ពិភពលោកបច្ចុប្បន្នទេ” ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកបានធ្វើការ សាកល្បងស្រដៀងគ្នាជាង ៣០០ កាលពីអតីតកាល។

យោងតាមលោកវីរសេនីយ៍ Dustin Harmon ការធ្វើតេស្តនេះបានអនុញ្ញាតឱ្យយោធាធ្វើការវិភាគអំពីភាពត្រឹមត្រូវនិងភាពជឿជាក់នៃប្រព័ន្ធបច្ចុប្បន្ន ខណៈដែលសហរដ្ឋអាមេរិកកំពុងរង់ចាំការអភិវឌ្ឍន៍មីស៊ីល Sentinel ICBM ថ្មី ត្រូវបានបញ្ចប់។ Sentinel បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលដំបូង ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមជំនួស Minuteman ពីឆ្នាំ ២០២៩ ដល់ឆ្នាំ ២០៧៥៕
ប្រែសម្រួលៈ ណៃ តុលា

To Top