ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឱ្យមានអភិបាលកិច្ច សកល ដោយយុត្តិធម៌ និងពហុភាគី និយមកាន់តែខ្លាំង

Xinhua

ប៉េកាំង៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន អំពាវនាវឱ្យបង្កើតប្រព័ន្ធ អភិបាលកិច្ចសកល ដោយយុត្តិធម៌ និងសមធម៌ និងការលើកកម្ពស់ការកសាងសហគមន៍ ជាមួយនឹងអនាគតរួមគ្នា សម្រាប់មនុស្សជាតិ នេះបើយោងតាមការចុះភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិនបានធ្វើការកត់ សម្គាល់នេះ ខណៈដែលសារព័ត៌មានចិន សង្ខេបអំពីដំណើរទស្សនកិច្ច របស់លោកទៅកាន់ចក្រភពអង់គ្លេស និងអៀរឡង់ ចូលរួមសន្និសីទសន្តិសុខទីក្រុង Munich លើកទី ៦១ (MSC) នៅប្រទេសអាល្លឺម៉ង់ ធ្វើជាប្រធានកិច្ចប្រជុំកម្រិតខ្ពស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក និងចូលរួមក្នុងកិច្ចប្រជុំ G20 នៅអាហ្វ្រិកខាងត្បូង។

លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិននឹងយកខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ ជាឱកាសមួយដើម្បីធ្វើការជាមួយគ្រប់ភាគី ដើម្បីទាញប្រាជ្ញាពីប្រវត្តិសាស្ត្រ ដឹកនាំក្នុងយុគសម័យថ្មីនៃពហុភាគីនិយម កសាងប្រព័ន្ធអភិបាល កិច្ចសកល ដោយយុត្តិធម៌ និងសមធម៌ និងលើកកម្ពស់ការកសាង សហគមន៍ដែលមានអ នាគតរួមគ្នា សម្រាប់មនុស្សជាតិ។

លោកបានបន្ដថា នៅពេលដែលទិដ្ឋភាពអន្តរជាតិ បច្ចុប្បន្នឆ្លងកាត់ការផ្លាស់ប្តូរ និងភាពច្របូកច្របល់ ជាមួយនឹងការកើនឡើង នូវឱនភាពនៃសន្តិភាព ការអភិវឌ្ឍន៍ និងអភិបាលកិច្ច អភិបាលកិច្ចពិភពលោក បានឈានដល់ផ្លូវបំបែកជាប្រវត្តិសាស្ត្រ។ លោកបានបន្ថែមថា សហគមន៍អន្តរជាតិមានការរំពឹងទុកខ្ពស់ ចំពោះវិធីពង្រឹងតួនាទីរបស់អង្គការសហប្រជាជាតិ និងរួមគ្នាដោះស្រាយបញ្ហា ប្រឈមជាសាកល និងចំណុចក្តៅក្នុងតំបន់។

លោកបានបន្ថែមថា ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិសម្រាប់ខែកុម្ភៈ ប្រទេសចិនបានធ្វើជាប្រធានកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខស្តីពី “ការអនុវត្តពហុភាគីនិយម កំណែទម្រង់ និងការកែលម្អអភិបាល កិច្ចសកល” ដើម្បីបញ្ជាឡើងវិញនូវសេចក្តីប្រាថ្នាដើមរបស់អង្គការសហប្រជាជាតិ បង្កើតការយល់ស្រប លើពហុភាគីនិយម និងបញ្ចូលសន្ទុះថ្មីក្នុងការ ពង្រឹងអភិបាលកិច្ចសកល។

លោក​បានបន្ថែមទៀតថា ក្នុងអំឡុងពេលពិភាក្សា ភាគីទាំងអស់ បានឯកភាពថា តួនាទីរបស់អង្គការ សហប្រជាជាតិ គឺមិនអាចខ្វះបាន និន្នាការឆ្ពោះទៅរកពហុភាគីនិយមមិនអាចត្រឡប់វិញបានទេ ហើយការកែទម្រង់ និងការកែលម្អអភិបាលកិច្ចសកលមិនអាចពន្យារពេលបានទេ។ ទាក់ទងនឹង MSC ឆ្នាំនេះផ្តោតលើពហុប៉ូល លោក វ៉ាង យី បានលើកឡើងថា ទោះបីជាមានបញ្ហា ប្រឈមដ៏ស្មុគស្មាញ ដែលពិភពលោកកំពុង ប្រឈមមុខក៏ដោយ ក៏សន្តិភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នៅតែជានិន្នាការឥតឈប់ឈរ នៃសម័យកាល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top