ភ្នំពេញ៖ នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ការមកបំពេញទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ , នាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក ក៏នឹងមានជំនួបទ្វេភាគីជាមួយនាយឧត្តម សេនីយ៍ ម៉ៅ សុផាន់ដែលមេបញ្ជាការទាំងពីរនឹងពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា សំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នៅកម្ពុជាពេលនេះ ស្របពេលខួបលើកទី៧៥ ទំនាក់ទំនងការទូតរវាងកម្ពុជា-អាមេរិក ។ នេះក៏ជាលើកទី២ ដែលមេបញ្ជាការ កងទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក អញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈលើកទី១ ដឹកនាំដោយនាយឧត្តមសេនីយ៍ វ៉ីនសេន ប៊្រុក (VINCENT BROOKS) កាលពីអំឡុងឆ្នាំ២០១៤ ៕
