ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បង្កើនការត្រៀមលក្ខណៈយោធា នៅជិតតំបន់ហ្គាហ្សា

Xinhua

យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែលបានបង្កើនការ ត្រៀមលក្ខណៈយោធានៅជិតតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស់ បានចោទប្រកាន់ថា ខ្លួនបានព្យាយាមគេចចេញពីកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងឈប់បាញ់។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “បន្ទាប់ពីការវាយតម្លៃស្ថានភាព” អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានឲ្យដឹងថា កងកម្លាំងកំពុងពង្រឹង “ការត្រៀមខ្លួនខាងយោធា និងការត្រៀមលក្ខណៈប្រតិបត្តិការ” នៅក្នុងតំបន់ព្រំដែនហ្គាហ្សា។

នៅព្រឹកថ្ងៃអាទិត្យ អ៊ីស្រាអែល បានប្រកាសពីការពន្យារពេលក្នុងការដោះលែង អ្នកជាប់ឃុំប៉ាឡេស្ទីនចំនួន ៦២០នាក់ ដែលត្រូវបានកំណត់ឱ្យដោះលែង ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់។ ការដោះលែងរបស់ពួកគេ គឺជាផ្នែកមួយនៃដំណាក់កាលចុងក្រោយ នៃកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំង-អ្នកទោស បន្ទាប់ពីក្រុមហាម៉ាស់ បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៦នាក់កាលពីថ្ងៃសៅរ៍។

សមាជិកការិយាល័យនយោបាយ របស់ក្រុមហាម៉ាស់លោក Izzat al-Rishq បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ពី “ចេតនារារាំងកិច្ចព្រមព្រៀង” និងរំលោភលើលក្ខខណ្ឌរបស់ខ្លួន ដោយថាការផ្លាស់ប្តូរនេះបានគូសបញ្ជាក់ពី “ភាពមិនគួរឱ្យទុកចិត្តរបស់អ៊ីស្រាអែល ក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន” ។ លោកបានអំពាវនាវឲ្យអ្នកសម្រុះសម្រួល និងសហគមន៍អន្តរជាតិដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យដោះលែងអ្នកទោសដោយមិនបង្អង់យូរ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ បីដំណាក់កាលដ៏ផុយស្រួយបានចូលជាធរមាននៅថ្ងៃទី ១០ ខែមករា ដោយផ្អាករយៈពេល ១៥ ខែនៃការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាយ៉ាងធ្ងន់ធ្ងរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top