ព្រុចសែល៖ នៅក្នុងរបាយការណ៍ថ្មីៗនេះ ធនាគារកណ្តាល អឺរ៉ុប (ECB) បានគូសបញ្ជាក់អំពីពន្ធពាណិជ្ជកម្មថា ជាបញ្ហាប្រឈមដ៏សំខាន់មួយ របស់សេដ្ឋកិច្ចអឺរ៉ុប ។ ការវាយតម្លៃនេះបានកើតឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលសហរដ្ឋអាមេរិក បានសម្រេចចិត្តដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម រួមជាមួយនឹងពន្ធបន្ថែមលើរថយន្ត គ្រឿងអេឡិចត្រូនិក និងឱសថ។
ទោះបីជាទំហំពេញលេញ នៃពន្ធថ្មី របស់សហរដ្ឋអាមេរិក ដែលផ្តោតលើការនាំចូលរបស់អឺរ៉ុប នៅតែស្ថិតក្នុងភាព មិនច្បាស់លាស់ ក៏ដោយ ក្តីបារម្ភកំពុងកើនឡើង ដែលថាពន្ធគយនឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់ប្លុក នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ចំពោះការគំរាមកំហែង ដែលមានស្រាប់ ឧស្សាហកម្មដែកនៅក្នុងសហភាពអឺរ៉ុប ដែលកំពុងតែតស៊ូជាមួយនឹង តម្លៃថាមពលខ្ពស់ និងតម្រូវការធ្លាក់ចុះនោះ បានធ្លាក់ចូលទៅក្នុងភាព ច្របូកច្របល់រួចទៅហើយ បន្ទាប់ពីការប្រកាសពន្ធ របស់ទីក្រុងវ៉ាស៊ីនតោន។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយសមាគម សមាគមដែកថែប អឺរ៉ុបកាលពីថ្ងៃទី ១១ ខែកុម្ភៈ ប្រធានសមាគម លោក Adam បានឲ្យដឹងថា អឺរ៉ុប អាចបាត់បង់ការ នាំចេញដែករហូតដល់ ៣.៧ លានតោន ទៅកាន់សហរដ្ឋអាមេរិក ដោយសារតែគោលនយោបាយពន្ធថ្មី ហើយផលិតផល ដែកបន្ថែមពីប្រទេសទីបី នឹងស្វែងរកផ្លូវរបស់ពួកគេចូលទៅក្នុងទីផ្សារអឺរ៉ុប ដែលធ្វើអោយស្ថានភាព មិនច្បាស់លាស់រួចទៅហើយ សម្រាប់ឧស្សាហកម្មដែកថែបអឺរ៉ុប។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា វាមានតិចតួច ដែលសហភាពអឺរ៉ុប អាចធ្វើបានដើម្បីបង្វែរផលប៉ះពាល់ ដោយសារសហរដ្ឋអាមេរិកគឺ ជាទីផ្សារ នាំចេញដ៏ធំទីពីរ សម្រាប់អ្នកផលិតដែកថែបរបស់សហភាពអឺរ៉ុប ដែលតំណាងឱ្យ ១៦ ភាគរយ នៃការនាំចេញដែកថែប សរុបរបស់សហភាព អឺរ៉ុបក្នុងឆ្នាំ ២០២៤ ។
យោងតាមលោក Adam សមត្ថភាពសរុប ចំនួន ៩ លានតោន និងការងារជាង ១៨,០០០ ត្រូវបានបាត់បង់ នៅក្នុងឧស្សាហកម្ម ដែកនៅអឺរ៉ុបក្នុងឆ្នាំ២០២៤។ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីផែនការដាក់ពន្ធ ២៥ ភាគរយ លើការនាំចូលរថយន្ត ដែលជាគោលនយោបាយ ដែលបង្កបញ្ហាប្រឈម យ៉ាងសំខាន់ ចំពោះឧស្សាហកម្ម រថយន្តនៅអឺរ៉ុប ៕
ប្រែសម្រួល ឈូក បូរ៉ា
