ព័ត៌មានអន្តរជាតិ

បទវិភាគ ៖​​ ភាគីអាមេរិក ដាក់កំហិតទៅលើ “ការវិនិយោគទៅមក” ជាមួយប្រទេសចិន វាពិតជាបំផ្លាញ ទាំងផលប្រយោជន៍ ខ្លួនឯងនិងអ្នកដទៃ

កាលពីថ្ងៃទី២១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ វេបសាយសេតវិមានអាមេរិក បានដាក់ចេញអនុស្សរណៈ នៃគោលនយោបាយវិនិយោគស្តីពី“ ការតម្កល់ទុកសហរដ្ឋអាមេរិក ជាចម្បង”ដោយប្រកាសថា នឹងកែសម្រួលគោលនយោបាយ វិនិយោគរបស់សហរដ្ឋអាមេរិក ។ អំពីគោលនយោបាយនេះ ខ្លឹមសារសំខាន់បំផុតគឺកំណត់ “តំបន់ហាមឃាត់”នៃការវិនិយោគទៅមករវាងចិន និងអាមេរិក ដើម្បីបង្កើនការដាក់កំហិត ថែមមួយកម្រិតទៀត ។

ឧទាហរណ៍ដូចជា អនុស្សរណៈនេះបានលើកឡើងថា នឹងទប់ស្កាត់បុគ្គលិក ដែលពាក់ព័ន្ធនឹងប្រទេសចិន “ប្រមូលទិញសហគ្រាស និងទ្រព្យសម្បត្តិដ៏គន្លឹះ របស់អាមេរិក” ដាក់កំហិត“ការវិនិយោគលើស្ថាប័នយុទ្ធសាស្ត្រដូចជា បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធគន្លឹះ កសិកម្មនិងថាមពលជាដើម” ទន្ទឹមនឹងនេះ “គិតពិចារណាពីការអនុវត្តការរឹតបន្ដឹងថ្មីឬបង្កើនការដាក់កំហិត ទៅលើការវិនិយោគរបស់អាមេរិក ក្នុងវិស័យពាក់ព័ន្ធដូចជាវត្ថុពាក់កណ្ដាលចម្លង បញ្ញាសិប្បនិម្មិត បច្ចេកទេស Quantum និងបច្ចេកវិទ្យាជីវសាស្ត្រ ជាដើមរបស់ចិន” ។ វាមិនពិបាកមើលឃើញថា ទង្វើនេះបានពង្រីកនិយមន័យ នៃសន្តិសុខជាតិ ដែលមានលក្ខណៈរើសអើង នឹងបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាប្រក្រតីរវាង សហគ្រាសនៃប្រទេសទាំងពីរ ។ ភាគីចិនបានបង្ហាញ អាកប្បកិរិយា យ៉ាងច្បាស់លាស់ថា នឹងតាមដានយ៉ាង ដិតដល់ចំពោះនិន្នាការសកម្មភាព របស់ភាគីអាមេរិក ហើយនឹងចាត់មធ្យោបាយដ៏ចាំបាច់ ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ។

ក្រឡេកទៅមើលប៉ុន្មានឆ្នាំកន្លងទៅនេះ ភាគីអាមេរិក បានដាក់ចេញវិធានការសំដៅចំពោះចិនដូចជា ត្រួតពិនិត្យការវិនិយោគ និងគ្រប់គ្រងការនាំចេញ ជាដើមជាបន្តបន្ទាប់ ដោយយកអ្វីដែលហៅថា “សន្តិសុខជាតិ”ធ្វើជាលេស ប៉ុនប៉ងកាត់កម្សោយ កម្លាំងឥទ្ធិពលនៃសេដ្ឋកិច្ចចិន ជាពិសេសគឺសមត្ថភាពអភិវឌ្ឍន៍របស់ចិនក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ ។

អ៊ីចឹង តើភាគីអាមេរិក ដាក់កំហិតលើ “ការវិនិយោគទៅមក”បានកាត់ផ្ដាច់ផ្លូវរបស់អ្នកណា? ឥស្សរជនសង្កេតការណ៍បានលើកឡើងថា ទង្វើរបស់ភាគីអាមេរិក បានល្មើសនឹងក្បួនច្បាប់វិនិយោគនិងពាណិជ្ជកម្មអន្តរជាតិនិងក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារ ដែលបានបំផ្លាញរូបភាពនិង កេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន បំផ្លាញផលប្រយោជន៍ផ្ទាល់ខ្លួននិងឱកាសនៃសហគ្រាសអាមេរិក វាពិតជាបំផ្លាញទាំងផលប្រយោជន៍ខ្លួនឯងនិងអ្នកដទៃទៀត ។
យកការរឹតបន្ដឹងលើការវិនិយោគ នៅសហរដ្ឋអាមេរិកជាឧទាហរណ៍ វិធានការពាក់ព័ន្ធរបស់ភាគីអាមេរិកមិនត្រឹមតែសំដៅលើប្រទេសចិនប៉ុណ្ណោះទេ ក៏ថែមទាំងតម្រង់ចំពោះសម្ព័ន្ធ មិត្តផងដែរ ។ មុននេះមិនជាយូរប៉ុន្មាន ភាគីអាមេរិក បានរកគ្រប់មធ្យោបាយ ដើម្បីរារាំងក្រុមហ៊ុនដែកថែប ជប៉ុនប្រមូលទិញក្រុមហ៊ុន ដែកថែប របស់អាមេរិក ទីបំផុតធ្វើឱ្យផែនការនេះទទួលបរាជ័យ ។ ចំពោះសហរដ្ឋអាមេរិក ដែលនិយាយផ្សេង ធ្វើផ្សឹង និងដែលមានកេរ្តិ៍ឈ្មោះអសោច ការវិនិយោគបរទេសណាមួយប្រហែល សុទ្ធតែត្រូវគិតពិចារណាថ្លឹងថ្លែងឱ្យច្បាស់សិន ។
ដោយសាររងការរំខានពីគោលនយោបាយរឹតបន្ដឹងរបស់ភាគីអាមេរិក ចំណែកទីផ្សារនិងប្រាក់ចំណេញ របស់សហគ្រាសអាមេរិកដ៏ល្បីឈ្មោះ ជាច្រើននៅប្រទេសចិនសុទ្ធតែរងផលប៉ះពាល់ ។ ប្រសិនបើភាគីអាមេរិកទទូចពង្រីកការរឹតបន្ដឹងលើការវិនិយោគទៅលើប្រទេសចិន នោះលំហទ្រព្យសម្បត្តិនៃសហគ្រាសអាមេរិក មុខជានឹងត្រូវបង្រួមតូចថែមមួយកម្រិតទៀត ។

ក្រឹត្យក្រមទីផ្សារគឺមានកម្លាំង យ៉ាងខ្លាំងក្លា តម្រូវការនិងសំណូមពរ នៃកិច្ចសហប្រតិបត្តិការរវាងសហគ្រាសចិននិងអាមេរិកក៏ខ្លាំងក្លាដែរ ការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះទើបជាជម្រើសដ៏ល្អបំផុតរបស់ភាគីទាំងពីរ ។ ការរឹតបន្ដឹងលើការវិនិយោគ ទៅមកដោយបង្ខំ និងជំរុញ “ការផ្តាច់ទំនាក់ទំនង”ជាមួយចិន គឺប្រៀបដូចជា “បាញ់កាំភ្លើងលើជើងខ្លួនឯង” ភាគីអាមេរិកចាំបាច់ត្រូវគិតពិចារណាឱ្យបានម៉ត់ចត់៕

To Top