បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ផ្នែកខ្លះនៃផ្លូវហាយវេដែលខ្ពស់ កំពុងសាងសង់ បានបាក់រលំនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ ដោយបានសម្លាប់កម្មករ ៤ នាក់ និង ៦ នាក់ផ្សេងទៀតរងរបួស។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា មនុស្ស ១០ នាក់កំពុងធ្វើការនៅលើទីតាំងនៅជិតទីក្រុង Cheonan ប្រហែល ៩០ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងសេអ៊ូល។ ភ្នាក់ងារពន្លត់អគ្គីភ័យជាតិបាននិយាយថា អ្នកទាំងនោះ បានជាប់នៅក្នុងគំនរបាក់បែក។
មនុស្សម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងគំនរបាក់បែក។ កម្មករ៨នាក់ដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ មុនពេលពីរនាក់ត្រូវបានគេប្រកាសថា ស្លាប់នៅទីនោះនៅពេលក្រោយមក។ កម្មករទី១០ ដែលបានបាត់ខ្លួនជាច្រើនម៉ោង ទីបំផុតត្រូវបានគេរកឃើញថា បានស្លាប់ នេះបើយោងតាមមន្ត្រីភ្នាក់ងារពន្លត់អគ្គីភ័យ។
ភ្នាក់ងារពន្លត់អគ្គីភ័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សប្រាំនាក់នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ មូលហេតុនៃការបាក់រលំនេះ នៅមិនទាន់ដឹងភ្លាមៗនោះទេ។
ប្រធានាធិបតីស្តីទី របស់កូរ៉េខាងត្បូង លោក Choi Sang-mok បានជំរុញឱ្យអាជ្ញាធរ ចល័តបុគ្គលិក និងឧបករណ៍ដែលមានទាំងអស់ ដើម្បីជួយសង្គ្រោះកម្មករ។ រថយន្តពន្លត់អគ្គីភ័យប្រហែល ៥០ គ្រឿង ឧទ្ធម្ភាគចក្រ ៣ គ្រឿង និងបុគ្គលិកប្រហែល ១៥០នាក់ ត្រូវបានចល័តសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ៕
ប្រែសម្រួល៖ ណៃ តុលា
