ព័ត៌មានអន្តរជាតិ

ចិន រិះគន់អាមេរិក ជុំវិញការទប់ស្កាត់ការវិនិយោគថ្មី ដោយប្តេជ្ញាការពារផលប្រយោជន៍របស់ខ្លួន

xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងថា តាមរយៈការបិទសហគ្រាសចិន និងទីផ្សារចិន សហរដ្ឋអាមេរិកនឹងមើលឃើញពីការប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន និងភាពជឿជាក់ពីអន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Lin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានធម្មតាមួយ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយលើអនុស្សរណៈដែលចេញដោយសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ដែលបង្ហាញពីការរឹតបន្តឹងបន្ថែមទៀតលើការវិនិយោគពីរផ្លូវជាមួយប្រទេសចិន។ លោកបានលើកឡើងថា អនុស្សរណៈនេះបានរាយបញ្ជីប្រទេសចិនថាជា “សត្រូវបរទេស” លើមូលដ្ឋានសន្តិសុខជាតិ និងបានដាក់វិធានការរើសអើងផ្សេងៗ។ «យើងសូមថ្កោលទោស និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយបានធ្វើការតវ៉ាយ៉ាងធ្ងន់ធ្ងរជាមួយភាគីអាមេរិក»។

ការរឹតបន្តឹងការត្រួតពិនិត្យផ្នែកសន្តិសុខ ដែលផ្តោតលើការវិនិយោគរបស់ចិននៅសហរដ្ឋអាមេរិកប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់ក្រុមហ៊ុនចិនក្នុងការវិនិយោគនៅសហរដ្ឋអាមេរិក និងធ្វើឱ្យប៉ះពាល់ដល់បរិយាកាសធុរកិច្ចរបស់សហរដ្ឋអាមេរិក។ លោក Lin បានឲ្យដឹងថា ការបង្កើនការរឹតបន្តឹងលើការវិនិយោគរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសចិន គឺជាការជ្រៀតជ្រែកដោយសិប្បនិម្មិត ចំពោះការសម្រេចចិត្តឯករាជ្យរបស់ក្រុមហ៊ុនអាមេរិក និងការបង្ខូចទ្រង់ទ្រាយលំហូរនៃការផ្លាស់ប្តូរការវិនិយោគរវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមច្បាប់វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ គោរពច្បាប់សេដ្ឋកិច្ចទីផ្សារ និងបញ្ឈប់ការធ្វើនយោបាយ និងអាវុធបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម”។ លោកបានបន្ថែមថា ប្រទេសចិនក៏អំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការធ្វើឱ្យខូចសិទ្ធិអភិវឌ្ឍន៍ស្របច្បាប់របស់ប្រទេសចិន ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

ជាការឆ្លើយតបទៅនឹងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើឧស្សាហកម្មផលិតកប៉ាល់របស់ប្រទេសចិន និងវិស័យពាក់ព័ន្ធផ្សេងទៀត លោក Lin បានបន្ដថា សហរដ្ឋអាមេរិកដែលត្រូវបានជំរុញដោយផលប្រយោជន៍នយោបាយក្នុងស្រុក បានបំពានលើយន្តការស៊ើបអង្កេតផ្នែកទី ៣០១ ដោយហេតុនេះបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់របស់ WTO និងធ្វើឱ្យខូចខាតដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីថែមទៀត ដោយលោកបានបញ្ជាក់ថា ចិនមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top