បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារថា លោកគ្រោងនឹងផ្តល់ទិដ្ឋាការ “កាតមាស” ជាមួយនឹងផ្លូវទៅកាន់សញ្ជាតិក្នុងតម្លៃ ៥ លានដុល្លារ ដោយជំនួសទិដ្ឋាការដែលមានអាយុ ៣៥ ឆ្នាំសម្រាប់អ្នកវិនិយោគ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បាននិយាយនៅក្នុងការិយាល័យ Oval Office ថា “ពួកគេនឹងក្លាយជាអ្នកមាន ហើយពួកគេនឹងទទួលបានជោគជ័យ ហើយពួកគេនឹងចំណាយប្រាក់ច្រើន និងបង់ពន្ធច្រើន និងផ្តល់ការងារដល់មនុស្សជាច្រើន ហើយយើងគិតថាវានឹងទទួលបានជោគជ័យខ្លាំង” ។
រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយថា “កាតមាស Trump Gold Card” នឹងជំនួសទិដ្ឋាការ EB-5 ក្នុងរយៈពេលពីរសប្តាហ៍។ EB-5s ត្រូវបានបង្កើតឡើងដោយសភាក្នុងឆ្នាំ ១៩៩០ ដើម្បីបង្កើតការវិនិយោគពីបរទេស ហើយអាចរកបានសម្រាប់អ្នកដែលចំណាយប្រហែល ១ លានដុល្លារលើក្រុមហ៊ុនដែលមានបុគ្គលិកយ៉ាងហោចណាស់ ១០ នាក់។
លោក Lutnick បាននិយាយថា ប័ណ្ណមាស – តាមពិតទៅ កាតបៃតង ឬការស្នាក់នៅស្របច្បាប់ជាអចិន្ត្រៃយ៍ – នឹងបង្កើនតម្លៃនៃការចូលសម្រាប់អ្នកវិនិយោគ ហើយបញ្ឈប់ការក្លែងបន្លំ និង “មិនសមហេតុសមផល” ដែលគាត់បាននិយាយថាជាលក្ខណៈកម្មវិធី EB-5 ។ ដូចកាតបៃតងផ្សេងទៀត វានឹងរួមបញ្ចូលផ្លូវទៅទទួលបានសញ្ជាតិអាមេរិក។
មនុស្សប្រហែល ៨.០០០ នាក់បានទទួលទិដ្ឋាការវិនិយោគិនក្នុងរយៈពេល ១២ ខែដែលបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ នេះបើយោងតាមសៀវភៅស្ថិតិអន្តោប្រវេសន៍ចុងក្រោយបំផុតរបស់នាយកដ្ឋានសន្តិសុខមាតុភូមិ។ សេវាស្រាវជ្រាវសភាបានរាយការណ៍នៅឆ្នាំ ២០២១ ថា ទិដ្ឋាការ EB-5 បង្កហានិភ័យនៃការក្លែងបន្លំ រួមទាំងការផ្ទៀងផ្ទាត់ថាមូលនិធិត្រូវបានទទួលដោយស្របច្បាប់។
ទិដ្ឋាការរបស់អ្នកវិនិយោគគឺជារឿងធម្មតានៅជុំវិញពិភពលោក។ Henley & Partners ដែលជាក្រុមហ៊ុនប្រឹក្សា និយាយថា ប្រទេសជាង ១០០ ជុំវិញពិភពលោក ផ្តល់ “ទិដ្ឋាការមាស” ដល់បុគ្គលដែលមានទ្រព្យសម្បត្តិ រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អេស្ប៉ាញ ក្រិក ម៉ាល់តា អូស្ត្រាលី កាណាដា និងអ៊ីតាលី៕
ប្រែសម្រួលៈ ណៃ តុលា
