ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បន្ទាប់ពីមានការពិភាក្សាយ៉ាងទូលំទូលាយ ជាមួយមេដឹកនាំអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានជួបជាមួយសមភាគី អាមេរិកលោក ដូណាល់ ត្រាំ នៅសេតវិមានកាលពីថ្ងៃចន្ទ ក្នុងគោលបំណង ដើម្បីឱ្យសំឡេងរួម របស់អឺរ៉ុប ស្តីពីវិបត្តិអ៊ុយក្រែន ត្រូវបានស្តាប់។
ទោះបីជាបរិយាកាសស្និទ្ធស្នាលពីខាងក្រៅក៏ដោយ កិច្ចប្រជុំបានគូសបញ្ជាក់ ពីការបែងចែក គួរឱ្យកត់សម្គាល់រវាងអឺរ៉ុប និងសហរដ្ឋអាមេរិក អំពីរបៀបដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ទូលំទូលាយមួយ ចំពោះជម្លោះនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ការបែកបាក់មួយនេះ អាចកត់សម្គាល់ បានតាមរយៈលោក ត្រាំ និងលោក ម៉ាក្រុង កាលពីថ្ងៃចន្ទបានព្រមព្រៀង គ្នាលើការសម្រេចបានសន្តិភាពយូរអង្វែង រវាងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែលោក ម៉ាក្រុង បានបដិសេធជាសាធារណៈ ចំពោះការអះអាង របស់លោក ត្រាំ ដែលថាស្ថានភាពនេះគឺ “អយុត្តិធម៌” ចំពោះសហរដ្ឋអាមេរិក ទាក់ទងនឹងរបៀប ដែលប្រទេស និងសម្ព័ន្ធមិត្តអឺរ៉ុប បានផ្តល់ជំនួយដល់អ៊ុយក្រែន។
លោក ត្រាំ បានលើកឡើងថា “គ្រាន់តែអ្នកយល់ទេ អឺរ៉ុបកំពុងខ្ចីលុយទៅអ៊ុយក្រែន ។ ពួកគេកំពុងទទួលបាន ប្រាក់របស់ពួកគេមកវិញ” លោក ត្រាំ បានលើកឡើង នៅពេលលោកបានធ្វើករណី សម្រាប់កិច្ចខិតខំប្រឹងប្រែង បន្តរបស់វ៉ាស៊ីនតោនក្នុងការជំរុញអ៊ុយក្រែន ឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលនឹងផ្តល់ឱ្យសហរដ្ឋអាមេរិក នូវសិទ្ធិក្នុងការទាញយករ៉ែកម្រ របស់អ៊ុយក្រែន ជាមធ្យោបាយមួយ ដើម្បីទាញយកប្រាក់ជំនួយ ដែលផ្តល់ដោយទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលជម្លោះ។
ដោយចាប់ដៃលោក ត្រាំ ដើម្បីធ្វើអន្តរាគមន៍ លោក ម៉ាក្រុង បានលើកឡើងថា “ទេ តាមពិតទៅ យើងបង់ប្រាក់។ យើងបានចំណាយ ៦០ ភាគរយនៃកិច្ចខិតខំប្រឹងប្រែងសរុប” ។ លោកបន្តបញ្ជាក់ថា ជំនួយអឺរ៉ុប ដល់អ៊ុយក្រែន មានរចនាសម្ព័ន្ធស្រដៀងគ្នានឹងជំនួយអាមេរិក។ “វាដូចជាសហរដ្ឋអាមេរិក៖ ប្រាក់កម្ចី ការធានា ជំនួយ”។
នៅក្នុងនោះដែរលោក ត្រាំ បានលើកឡើងថា “ប្រសិនបើអ្នកជឿនោះ វាមិនអីទេជាមួយខ្ញុំ ។ ពួកគេទទួលបានប្រាក់របស់ពួកគេវិញ ហើយយើងមិនធ្វើទេ ប៉ុន្តែឥឡូវនេះយើងធ្វើ” ។
កាលពីថ្ងៃចន្ទ លោក ត្រាំ បានលើកឡើងថា លោកនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី “ក្នុងសប្តាហ៍នេះ ឬសប្ដាហ៍បន្ទាប់” នៅសេតវិមាន ហើយថាកិច្ចព្រមព្រៀងចុងក្រោយ ស្តីពី “ធនធានរ៉ែដ៏កម្រ និងវត្ថុផ្សេងៗ” គឺជិតមកដល់ហើយ។
ដោយឡែក ស្នងការអឺរ៉ុបសម្រាប់យុទ្ធសាស្ត្រឧស្សាហកម្ម លោក Stephane Sejourne បានឲ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ រួមជាមួយនឹងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen លោកបានផ្តល់ជូនមន្ត្រីអ៊ុយក្រែន នូវកិច្ចព្រមព្រៀងដែលមានអត្ថប្រយោជន៍ទៅវិញទៅមកលើរ៉ែសំខាន់ៗ។
លោក Sejourne បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំជា មួយមន្ត្រីអ៊ុយក្រែនថា “សម្ភារៈសំខាន់ៗចំនួន ២១ ក្នុងចំណោម ៣០ ដែលអឺរ៉ុបត្រូវការ អាចត្រូវបានផ្តល់ដោយអ៊ុយក្រែន ជាផ្នែកនៃភាពជាដៃគូ ដែលមានអត្ថប្រយោជន៍ទៅវិញទៅមក” ។ លោកបានបន្ថែមថា “តម្លៃបន្ថែមដែលអឺរ៉ុបផ្តល់ជូនគឺថា យើងនឹងមិនទាមទារកិច្ចព្រមព្រៀង ដែលមិនផ្តល់ផលប្រយោជន៍ ទៅវិញទៅមកឡើយ”៕
ប្រែសម្រួល ឈូក បូរ៉ា
