បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់កាលពីថ្ងៃពុធថា យោធាចិន បានសម្រេចបង្កើត តំបន់សមយុទ្ធមួយសម្រាប់ ការហ្វឹកហ្វឺនបាញ់ប្រហារ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតៃប៉ិ បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅជិតទីក្រុងឆ្នេរសមុទ្រ ដែលធ្វើជាម្ចាស់ផ្ទះមូលដ្ឋានយោធា របស់កោះ ដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ។
នៅព្រឹកថ្ងៃដដែល រដ្ឋាភិបាលក្រុងតៃប៉ិ បានចោទប្រកាន់ទីក្រុងប៉េកាំងពី ការបង្កហេតុ ហើយបាននិយាយថា យន្តហោះយោធាចំនួន៣២គ្រឿង និងនាវាចម្បាំងមួយចំនួន ត្រូវបានគេមើលឃើញ មានវត្តមាននៅក្រៅកោះបន្តិច ដែលពួកគេ ត្រូវបានគេរាយការណ៍ថា បានធ្វើសមយុទ្ធ នៅក្នុងតំបន់ប្រហែល៤០ម៉ាយល៍ ឬប្រមាណជាជាង៧០គីឡូម៉ែត្រប៉ុណ្ណោះ ពីដែនដីរបស់កោះតៃវ៉ាន់ ។
ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់ បានថ្លែងថា សមយុទ្ធនេះត្រូវបានចាប់ផ្តើមធ្វើឡើង ដោយគ្មានការព្រមានឬផ្តល់សញ្ញាទុកជាមុន ខណៈវាបានបញ្ជូនកងកម្លាំងក្នុងស្រុក ដើម្បីតាមដានស្ថានការណ៍នោះផងដែរ ។
នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា វាមិនមែនជាសំណួរ ស្តីពីកិច្ចការបរទេសទេ ប៉ុន្តែបានបញ្ជាក់ថា សមយុទ្ធនេះត្រូវបានចាប់ផ្តើមរួចទៅហើយហើយមកទល់ពេលនេះ ក្រសួងការពារជាតិចិន មិនទាន់ធ្វើអត្ថាធិប្បាយ លើស្ថានភាពនេះលំអិតនៅឡើយទេ។
គួរឲ្យដឹងដែរថាចិនមិនបានបង្ហាញព័ត៌មាន លម្អិតអំពីសមយុទ្ធនេះទេរហូតមកដល់ពេលនេះ ។ ផ្ទុយទៅវិញ លោក Lin បានរិះគន់ទីក្រុងវ៉ាស៊ីនតោន ចំពោះការបន្តដឹកជញ្ជូនអាវុធទៅកាន់កោះតៃវ៉ាន់ ដោយនិយាយថា វាបំពានគោលការណ៍ចិន តែមួយ និងបង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់៕
ប្រែសម្រួល៖ស៊ុនលី
