បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថាសហភាពអឺរ៉ុប EU ត្រូវបានបង្កើតឡើងនិងរៀបចំឡើង ដើម្បីធ្វើឱ្យអាមេរិកចុះខ្សោយ ហើយបានចេញការគំរាមកំហែងថ្មីនៃការតម្លើងពន្ធ ២៥ភាគរយ លើការនាំចូលទាំងអស់ពីប្លុកនេះ។
លោក Trump បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃពុធ នៅឯសេតវិមានក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ជាលើកដំបូងរបស់លោកក្នុងអាណត្តិទីពីរ របស់លោកជាប្រធានាធិបតី។
គួរឲ្យដឹងដែរថាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបាននឹងកំពុង កើនឡើងចាប់តាំងពីលោក Trumpបានប្រកាសផែនការ ដើម្បីដាក់ចេញនូវពន្ធនាំចូលជាច្រើន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយនូវ អ្វីដែលលោកបានពិពណ៌នាថា ជាអតុល្យភាពពាណិជ្ជកម្មរវាងគ្នា។
លោក Trump បាននិយាយថា ៖វានឹងមានចំនួន ប្រមាណជា២៥ភាគរយជាទូទៅ ហើយវានឹងដាក់ពីលើប្រភេទទំនិញដូចជារថយន្ត និងអ្វីៗផ្សេងទៀត ដោយពណ៌នាសហភាពអឺរ៉ុបថាជា ករណីខុសពីប្រទេសកាណាដា ហើយពួកគេពិតជាបានទាញយកប្រយោជន៍ ពីអាមេរិកតាមរបៀបផ្សេងៗគ្នា។
ស្រដៀងគ្នានេះដែរ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានរកឃើញថា ពួកគេជាប់គាំងនៅក្នុងជម្លោះពាណិជ្ជកម្ម ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump នៅពេលដែលលោកបានណែនាំពន្ធ២៥ភាគរយ លើការនាំចូលដែកថែបរបស់អឺរ៉ុប និង១០ភាគរយលើអាលុយមីញ៉ូម ដែលសហភាពអឺរ៉ុបបានឆ្លើយតបជាមួយនឹងវិធានការតបត។
ក្នុងនោះផងដែរលោក Trump ក៏បានគំរាមយកពន្ធលើរថយន្តអឺរ៉ុបផងដែរ បើទោះបីជារឿងទាំងនោះមិនបាន កើតឡើងក៏ដោយដែល សរុបមក ភាគីទាំងពីរបានផ្លាស់ប្តូរការតម្លើងពន្ធដាក់គ្នា ទៅលើទំនិញដែលមានតម្លៃជាង ១០ ពាន់លានដុល្លាររួចមកហើយ៕
ប្រែសម្រួល៖ ស៊ុន លី
