ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកថា ប្រធានាធិបតីអ៊ុយក្រែន នឹងមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្ររបស់លោក ត្រាំ ដោយគ្មានការចរចាផ្សេងទៀត

RT NEWS

បរទេស៖ សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានបញ្ចប់កិច្ចព្រមព្រៀងរបស់ពួកគេលើរ៉ែកម្រ និងធនធានធម្មជាតិផ្សេងទៀត ហើយលោក វ្លាឌីមៀ ហ្សេលេនស្គី ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើឯកសារចុងក្រោយដោយគ្មានការចរចាបន្ថែមទៀតអ្វីឡើយ ក្នុងអំឡុងពេលកិច្ចប្រជុំរវាងលោក ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃសុក្រ, នេះបើយោងតាមរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា សហរដ្ឋអាមេរិកចង់ “ទទួលបានមកវិញ” ប្រាក់ដែលខ្លួនបានចំណាយលើជំនួយផ្នែកយោធានិងហិរញ្ញវត្ថុដល់ទីក្រុងគៀវ តាមរយៈកិច្ចព្រមព្រៀងរ៉ែនាពេលខាងមុខជាមួយអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី ពីមុនបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយគ្មានការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកជាក់លាក់សម្រាប់ទីក្រុងគៀវ។

លោក Bessent បានប្រាប់ Fox Business កាលពីថ្ងៃព្រហស្បតិ៍ថា “កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​បញ្ចប់។ ប្រធានាធិបតី ហ្សេលេនស្គី នឹងមកទីនេះដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃស្អែក ដូច្នេះមិនមានការចរចាទៀតទេ មិនមានអ្វីផ្សេងទៀតទេ” ។

លោក Bessent បានធ្វើដំណើរទៅកាន់ទីក្រុងគៀវកាលពីដើមខែនេះ ប៉ុន្តែបានត្រឡប់មកវិញដោយដៃទទេ បន្ទាប់ពីលោក ហ្សេលេនស្គី បានចោទលោកចំពោះការទាមទាររបស់សហរដ្ឋអាមេរិកដែលឱ្យអ៊ុយក្រែនប្រគល់ 50% នៃសារធាតុរ៉ែសំខាន់ៗរបស់ខ្លួនជាសំណងសម្រាប់ជំនួយកន្លងមក។

បន្ថែមលើសពីនេះ យោងតាមប្រភពសារព័ត៌មាន Financial Times ការខកចិត្តរបស់លោក ហ្សេលេនស្គី បានផ្ទុះឡើងក្នុងអំឡុងពេលកិច្ចប្រជុំបិទទ្វាររបស់ពួកគេនៅពេលដែលលោក Bessent បានជំរុញឱ្យមានការចុះហត្ថលេខាភ្លាមៗលើកិច្ចព្រមព្រៀង៕

ប្រែសម្រួលៈ ណៃ តុលា

To Top