ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំថា សហរដ្ឋអាមេរិក អាចនឹងដកទណ្ឌកម្ម ចេញពីរុស្ស៊ី

RT News

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក អាចដកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី “នៅចំណុចណាមួយ” ក្នុងអំឡុងពេលការចរចាសន្តិភាព អ៊ុយក្រែន ។ ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា រហូតមកដល់ពេលនេះ មិនទាន់មានការសម្រេចចិត្តណាមួយទេ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បានដាក់កម្រិតសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុន មកលើប្រទេសរុស្ស៊ី ចាប់តាំងពីជម្លោះអ៊ុយក្រែន បានកើនឡើង ក្នុងឆ្នាំ ២០២២។ ទីក្រុងមូស្គូចាត់ទុកការដាក់ទណ្ឌកម្មនេះថា ខុសច្បាប់ ហើយបានទាមទារ ជាបន្តបន្ទាប់នូវការដកចេញវិញ។

លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មាន ដោយឆ្លើយតបទៅនឹងសំណួរមួយថា តើបញ្ហានេះជាផ្នែកមួយ នៃការពិភាក្សា រុស្ស៊ី-អាមេរិក កន្លងមកថា “ទេ យើងមិនបានដកទណ្ឌកម្មលើនរណាម្នាក់ទេ…ខ្ញុំគិតថា វានឹងដល់ពេលណាមួយ ប៉ុន្តែឥឡូវនេះ យើងមិនទាន់បានយល់ព្រម ដកទណ្ឌកម្មលើនរណាម្នាក់ទេ”។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ថ្មីៗនេះបានស្នើថា ប្រទេសលោកខាងលិច នឹងត្រូវពិចារណា លើការដកទណ្ឌកម្មលើរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយ “យូរអង្វែង និងនិរន្តរភាព” ចំពោះជម្លោះអ៊ុយក្រែន ។

ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់ រវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីសប្តាហ៍មុន លោកបានបង្ហាញថា ដើម្បីបញ្ចប់ជម្លោះ “ត្រូវតែមានសម្បទានដែលធ្វើឡើងដោយគ្រប់ភាគី” រួមទាំងការបោះបង់គោលនយោបាយ ដាក់ទណ្ឌកម្ម ។ ទោះជាយ៉ាងណាក៏ដោយ លោក Rubio បានកត់សម្គាល់ថា សហភាពអឺរ៉ុប នឹងត្រូវ “ចរចា” ដើម្បីពិភាក្សាអំពីការ បន្ធូរបន្ថយទណ្ឌកម្មផងដែរ ព្រោះវាបានដាក់វិធានការរឹតត្បិត លើប្រទេសរុស្ស៊ីផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top