ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានឲ្យដឹងថា ការគិតថ្លៃលើកប៉ាល់របស់ចិន ដែលចូលមកកំពង់ផែសហរដ្ឋអាមេរិក នឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការងាររបស់សហរដ្ឋអាមេរិក។
លោក He Yadong អ្នកនាំពាក្យក្រសួងបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេល ធ្វើអត្ថាធិប្បាយលើសំណើរបស់ការិយាល័យ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដើម្បីដំឡើងថ្លៃសេវានេះ។
លោកបានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិកទទូច លើការដំឡើងថ្លៃកំពង់ផែ វានឹងជំរុញឱ្យថ្លៃដឹកជញ្ជូនសកល និងរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យបានព្រមានថា វិធានការបែបនេះក៏នឹងបង្កើនសម្ពាធអតិផរណា ក្នុងស្រុកនៅក្នុងសហរដ្ឋអាមេរិក ធ្វើឱ្យការប្រកួតប្រជែងជាសកល នៃទំនិញរបស់សហរដ្ឋអាមេរិកចុះខ្សោយ និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងអាជីវកម្មរបស់សហរដ្ឋអាមេរិកផងដែរ។
ការិយាល័យ USTR កាលពីថ្ងៃទី២១ ខែកុម្ភៈ បានប្រកាសថា ខ្លួនកំពុងស្វែងរកការអត្ថាធិប្បាយ ជាសាធារណៈលើសកម្មភាពដែលបានស្នើឡើង នៅក្នុងការស៊ើបអង្កេតផ្នែកទី៣០១ លើផ្នែកដែនសមុទ្រ ភស្តុភារ និងការសាងសង់កប៉ាល់របស់ប្រទេសចិន រួមទាំងការដាក់ថ្លៃកំពង់ផែផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
