ព័ត៌មានអន្តរជាតិ

បណ្តាប្រទេសអ៊ឺរ៉ុប ប្តេជ្ញាសងសឹកប្រឆាំងនឹង ការគំរាមកំហែងពន្ធគយរបស់លោក ត្រាំ

xinhua

ព្រុចសែល៖ ភាពតានតឹងពាណិជ្ជកម្មឆ្លងកាត់អាត្លង់ទិក បានកើនឡើងបន្ទាប់ពីការប្រកាស របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពីពន្ធ ២៥ភាគរយលើការនាំចូលរបស់អឺរ៉ុប ដោយបណ្តាប្រទេសអឺរ៉ុបព្រមានថាអឺរ៉ុប នឹងប្រតិកម្ម “យ៉ាងម៉ឺងម៉ាត់និងភ្លាមៗ” ប្រឆាំងនឹងរបាំងពន្ធគយ ដែលមិនសមហេតុផលនេះ។

ផែនការពន្ធដែលបានប្រកាសដោយលោក ត្រាំ កាលពីថ្ងៃពុធគ្របដណ្តប់លើ ការនាំចូលជាច្រើនរបស់អឺរ៉ុប រួមទាំងរថយន្ត និងទំនិញផ្សេងៗទៀត។  ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន លោកបានអះអាងថា សហភាពអឺរ៉ុបបាន “ទាញយកផលប្រយោជន៍” ពីសហរដ្ឋអាមេរិក តាមរយៈការរារាំងរថយន្ត និងផលិតផលកសិកម្មរបស់អាមេរិក។

ជាការឆ្លើយតប អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Olof Gill បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ក្នុងសន្និសីទសារព័ត៌មានថា អាជីវកម្មអាមេរិកបានប្រមូលផលចំណេញ យ៉ាងច្រើនពីការវិនិយោគនៅអឺរ៉ុប។

លោកបានសង្កត់ធ្ងន់ថា “តាមរយៈការបង្កើតទីផ្សារតែមួយដ៏ធំ និងរួមបញ្ចូលគ្នា សហភាពអឺរ៉ុប បានសម្របសម្រួលពាណិជ្ជកម្ម កាត់បន្ថយការចំណាយសម្រាប់អ្នកនាំចេញអឺរ៉ុប និងស្តង់ដារ និងបទប្បញ្ញត្តិដែលចុះសម្រុងគ្នា នៅទូទាំងរដ្ឋជាសមាជិករបស់យើង។ ជាលទ្ធផល ការវិនិយោគរបស់សហរដ្ឋអាមេរិក នៅអឺរ៉ុបទទួលបានផលចំណេញខ្ពស់” ។

ទាក់ទិននឹងពន្ធនេះ គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបនឹងប្រតិកម្ម “យ៉ាងម៉ឺងម៉ាត់ និងភ្លាមៗ” ប្រឆាំងនឹងរបាំងដែលមិនសមហេតុផល ចំពោះពាណិជ្ជកម្មសេរី និងយុត្តិធម៌ រួមទាំងពេលដែលពន្ធគយត្រូវបានប្រើ ដើម្បីប្រជែងនឹងគោលនយោបាយផ្លូវច្បាប់ និងមិនរើសអើង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top