ព័ត៌មានអន្តរជាតិ

អេមីរ៉ាត អារ៉ាប់រួម ថ្កោលទោសយ៉ាងខ្លាំងចំពោះការ វាយប្រហាររបស់អ៊ីស្រាអែល លើទឹកដីស៊ីរី

AFP

អាប៊ូដាប៊ី៖ ប្រទេសអារ៉ាប់រួម (UAE) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើទឹកដីស៊ីរីដោយបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះអធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងការបរទេស UAE ប្រទេសនេះបានបរិហារការវាយប្រហារថា ជាការបំពានច្បាប់អន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀងផ្តាច់ខ្លួនឆ្នាំ១៩៧៤ រវាងអ៊ីស្រាអែល និងស៊ីរី។  ក្រសួង​បាន​សង្កត់​ធ្ងន់​ថា សកម្មភាព​បែប​នេះ​ផ្ទុយ​នឹង​ការ​បង្កើត​ក្របខ័ណ្ឌ​ច្បាប់ និង​ធ្វើ​ឱ្យ​អស្ថិរភាព​ក្នុង​តំបន់​កាន់តែ​ធ្ងន់ធ្ងរ។

អេមីរ៉ាតអារ៉ាប់រួម បានអះអាងជាថ្មីនូវការបដិសេធ របស់ខ្លួនចំពោះសកម្មភាពណាមួយ ដែលបង្កើនភាពតានតឹង និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសន្តិភាពនៅក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ស៊ីរីបានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានធ្វើការវាយប្រហារតាមអាកាសទៅលើ ទីតាំងយោធាជាច្រើននៅភាគខាងត្បូងប្រទេសស៊ីរី និងនៅខាងក្រៅរដ្ឋធានីដាម៉ាស់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ស៊ីរី ៕

ប្រែសម្រួល  ឈូក បូរ៉ា

To Top