វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក បានផ្អាកជំនួយយោធាទាំងអស់ដល់អ៊ុយក្រែន បន្ទាប់ពីការប៉ះទង្គិចពាក្យសំដី រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីអ៊ុយក្រែនលោក វូឡូឌីមឿ ហ្សេឡិនស្គី នៅក្នុងការិយាល័យ Oval កាលពីសប្តាហ៍មុន ។
មន្ត្រីរូបនេះបានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងកំពុងផ្អាក និងពិនិត្យមើលជំនួយរបស់យើង ដើម្បីធានាថាវារួមចំណែកដល់ដំណោះស្រាយ” ដោយបន្ថែមថា លោក ត្រាំ ផ្តោតលើសន្តិភាព ហើយសង្ឃឹមថា ប្រទេសផ្សេងទៀត នឹងធ្វើការឆ្ពោះ ទៅរកទីបញ្ចប់នោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន។
នៅព្រឹកថ្ងៃដដែល លោក ត្រាំ បានរិះគន់ធ្ងន់ៗ លើលោក ហ្សេឡិនស្គី ដោយគំរាមថា សហរដ្ឋអាមេរិក នឹងមិនគាំទ្រអ៊ុយក្រែនទៀតទេ។ លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយសំដៅលើជំហរ របស់មេដឹកនាំអ៊ុយក្រែន ក្នុងការបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំថា “វាជាអ្វីដែលខ្ញុំកំពុងនិយាយ បុរសម្នាក់នេះមិនចង់មានសន្តិភាពទេ ដរាបណាគាត់មានអាមេរិកគាំទ្រ”។
ការអត្ថាធិប្បាយរបស់ លោក ហ្សេឡិនស្គី បានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងណាមួយ ស្តីពីការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន នៅ “ឆ្ងាយណាស់” ហើយត្រូវបានរិះគន់ដោយលោក ត្រាំ ថាជា “សេចក្តីថ្លែងការណ៍ដ៏អាក្រក់បំផុត ដែលអាចត្រូវបានធ្វើឡើង” ។ ការវាយប្រហារចុងក្រោយរបស់លោកលើលោក ហ្សេឡិនស្គី បានកើតឡើងបន្ទាប់ពីមេដឹកនាំអឺរ៉ុប បានបញ្ជាក់ជាថ្មីកាលពីចុងសប្តាហ៍ថាពួកគេបន្តគាំទ្រអ៊ុយក្រែន ដោយគូសបញ្ជាក់ថារុស្ស៊ីបានចាប់ផ្តើមសង្គ្រាម។
លោក ហ្សេឡិនស្គី និងមេដឹកនាំអឺរ៉ុបយល់ស្របថា ការធានាសន្តិសុខដែលគាំទ្រដោយសហរដ្ឋអាមេរិក គឺចាំបាច់សម្រាប់សន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។ ការឱបក្រសោបរបស់លោក ត្រាំ ចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដែលកាន់តែច្បាស់ក្នុងអំឡុងពេលជួបជាមួយលោក ហសេឡិនស្គី កាលពីថ្ងៃសុក្រ បានធ្វើឱ្យអឺរ៉ុប និងប្រទេសប្រជាធិបតេយ្យមានការព្រួយបារម្ភនៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
