ព័ត៌មានអន្តរជាតិ

ចិនប្រកាសតម្លើងពន្ធបន្ថែមរហូតដល់ ១៥ភាគរយ លើការនាំចូលផលិតផលកសិកម្ម សំខាន់ៗរបស់អាមេរិក រួមមានសណ្តែកសៀង និងសាច់គោ

AFP

បរទេស៖ ប្រទេសចិនបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងដាក់ពន្ធបន្ថែមរហូតដល់ ១៥ភាគរយ លើការនាំចូលផលិតផលកសិកម្មសំខាន់ៗ របស់សហរដ្ឋអាមេរិក រួមទាំងសាច់មាន់ សាច់ជ្រូក សណ្តែក និងសាច់គោ ព្រមទាំងពង្រីកការគ្រប់គ្រងលើការ ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិកផងដែរ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ពន្ធដែលប្រកាសដោយក្រសួងពាណិជ្ជកម្មចិន គឺនឹងចូលជាធរមានចាប់ពីថ្ងៃទី១០ ខែមីនា។ ពួកគេធ្វើតាមបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធលើការនាំចូលផលិតផលចិនដល់ ២០ភាគរយ ហើយ ទាំងនោះបានចូលជាធរមាននៅថ្ងៃអង្គារ។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ការនាំចូលសាច់មាន់ ស្រូវសាលី ពោត និងកប្បាសដែលដាំដុះរបស់សហរដ្ឋអាមេរិក នឹងប្រឈមមុខនឹងពន្ធបន្ថែម ១៥ភាគរយ ។ ពន្ធលើធញ្ញជាតិ សណ្តែកសៀង សាច់ជ្រូក សាច់គោ អាហារសមុទ្រ ផ្លែឈើ បន្លែ និងផលិតផលទឹកដោះគោ នឹងត្រូវបានដំឡើង ១០ភាគរយ ។

បន្ថែមលើសពីនេះ នៅថ្ងៃអង្គារ ទីក្រុងប៉េកាំងបានដាក់ក្រុមហ៊ុនអាមេរិកចំនួន ១០ បន្ថែមទៀតនៅក្នុងបញ្ជីអង្គភាព ដែលមិនគួរឱ្យទុកចិត្តរបស់ខ្លួន ដែលនឹងរារាំងក្រុមហ៊ុនទាំងនោះ មិនឱ្យចូលរួមក្នុងសកម្មភាពនាំចូល ឬនាំចេញដែលទាក់ទងនឹងប្រទេសចិន និងពីការវិនិយោគថ្មីនៅក្នុងប្រទេសចិន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top