ព័ត៌មានអន្តរជាតិ

លោក Trumpm បង្ហាញបំណង ចង់បានកិច្ចព្រមព្រៀង ដែលធំជាងពីមុន ទៅលើធនធានរ៉ែអ៊ុយក្រែន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក Donald Trump កំពុងស្វែងរកលទ្ធភាព ក្នុងការពង្រីកកិច្ចព្រមព្រៀងថ្មី ទៅលើរ៉ែកម្ររបស់អ៊ុយក្រែន ឲ្យកាន់តែធំជាងនេះ។

ព័ត៌មាននេះត្រូវបានដកស្រង់ ចេញ ពីសារព័ត៌មាន CBS នៅថ្ងៃពុធម្សិលមិញពោលគឺ នៅត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចពិភាក្សាគ្នាដ៏គួរឲ្យភ្ញាក់ផ្អើល រវាងមេដឹកនាំអាមេរិក និងអ៊ុយក្រែន បែរក្លាយទៅជាហេតុការណ៍ ប៉ះទង្គិចគ្នាដោយពាក្យសំដីខ្លាំងៗទៅវិញ។

កាលពីសប្តាហ៍មុនលោក Zelensky បានទៅទស្សនាសេតវិមាន ដើម្បីបញ្ចប់កិច្ចព្រមព្រៀង ដែលផ្តល់សិទ្ធិដល់ សហរដ្ឋអាមេរិក ចំពោះរ៉ែកម្ររបស់ប្រទេសនេះ ជាការផ្តល់សំណងសម្រាប់ជំនួយយោធា ដែលផ្តល់ដោយ ទីក្រុងវ៉ាស៊ីនតោន ដល់ទីក្រុងគៀវក្នុងអំឡុង ពេលជម្លោះជាមួយទីក្រុងមួស្គូ។

ទោះជាយ៉ាងណាក៏ដោយ ជំនួប របស់គាត់ជាមួយ Trump និងអនុប្រធានាធិបតី J.D. Vance បានក្លាយទៅជាការឈ្លោះ ប្រកែកគ្នានៅចំពោះមុខអ្នកកាសែតយ៉ាងតឹងសរសៃកទៅវិញ។

ផ្ទាំងពាណិជ្ជកម្ម

កាលពីថ្ងៃអង្គារ លោក Zelensky បាននិយាយថា៖កិច្ចប្រជុំរបស់យើងនៅទីក្រុងវ៉ាស៊ីនតោន នៅសេតវិមានកាលពីថ្ងៃសុក្រ មិនបានទៅតាមរបៀប ដែលវាត្រូវបានគេសន្មត់ថាជានោះទេ។ នៅក្នុងការប្រកាសនៅលើ X លោកបានបន្ថែមថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីរ៉ែ នៅពេលណាមួយនិងក្នុង ទម្រង់ងាយស្រួលណាមួយ។

កិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ នេះបើយោងតាមប្រភពជាច្រើនដែលដកស្រង់ដោយ CBS News ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សម្នាក់ដែល ដឹងពីបញ្ហានេះបានប្រាប់អ្នកយកព័ត៌មានថា ទំហំនៃកិច្ចព្រមព្រៀង អាចផ្លាស់ប្តូរបាន ដោយសារតែប្រធានាធិបតីអាមេរិក កំពុងបន្តរៀបចំផែនការ ដើម្បីធ្វើឲ្យកិច្ចព្រមព្រៀង នេះកាន់តែធំជាងមុន និងប្រសើរជាងមុន៕

ប្រែសម្រួល៖ស៊ុនលី

To Top