ព័ត៌មានអន្តរជាតិ

លោក ត្រាំ អះអាងថា អ៊ុយក្រែន ត្រឡប់ទៅរកការចរចា ដើម្បីបញ្ចប់សង្គ្រាម ជាមួយរុស្ស៊ី

kyodo

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា អ៊ុយក្រែន ត្រៀមខ្លួនជាស្រេច ដើម្បីត្រលប់ទៅការចរចា ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ក្នុងការដេញថ្លៃសន្តិភាពនៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាម ប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីគ្នានៅការិយាល័យ Oval របស់លោកជាមួយលោក វូឡូឌីមៀ ហ្សេឡិនស្គី ។

ថ្លែងទៅកាន់សម័យប្រជុំរួមគ្នា នៃសភាជាលើកដំបូងក្នុងអាណត្តិទីពីរ របស់លោក Trump បាននិយាយថាលោកបានទទួល “លិខិតសំខាន់” ពីលោក ហ្សេឡិនស្គី នៅមុនថ្ងៃនោះ ដែលក្នុងនោះប្រធានាធិបតីអ៊ុយក្រែន ក៏បានសម្តែងការត្រៀមខ្លួន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ នៅពេលណាដែលងាយស្រួល សម្រាប់មេដឹកនាំសហរដ្ឋអាមេរិក ។

លោក ត្រាំ បានឲ្យដឹងថាសហរដ្ឋអាមេរិកបានទទួល “សញ្ញាខ្លាំង” ពីប្រទេសរុស្ស៊ីថា “ត្រៀមខ្លួនជាស្រេចសម្រាប់សន្តិភាព” ដោយបន្ថែមថា “តើវាមិនស្រស់ស្អាតទេឬ?” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នៅក្នុងសុន្ទរកថា របស់លោក ក្នុងនោះលោក ត្រាំ បានប្រកាសថា “អាមេរិចត្រលប់មកវិញហើយ” ខណៈដែលលោកបាន គូសបញ្ជាក់អំពីអាទិភាព របស់លោក សម្រាប់ប៉ុន្មានខែខាងមុខនេះ ដោយបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់លោកក្នុងការបញ្ចប់សង្រ្គាមរយៈពេល ៣ ឆ្នាំរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការដាក់ពន្ធនាំចូលបន្ថែមទៀត ។

លោក ត្រាំ បានលើកឡើងថា “ក្តីសុបិន្តរបស់អាមេរិកកំពុងកើនឡើង ធំជាង និងប្រសើរជាងពេលមុនៗ ។ ក្តីសុបិន្តរបស់អាមេរិកគឺមិនអាចបញ្ឈប់បាន” ។ លោកបានលើកឡើង ពីការធ្លាក់ចុះនៃចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ ដែលឆ្លងកាត់ព្រំដែនភាគខាងត្បូង និងការកើនឡើងនៃការវិនិយោគ ដែលបានគ្រោងទុក នៅក្នុងសហរដ្ឋអាមេរិកដោយក្រុមហ៊ុនបរទេស ដែលជាសមិទ្ធិផលរបស់លោក ចាប់តាំងពីការវិលត្រឡប់ទៅកាន់សេតវិមាននៅថ្ងៃទី ២០ ខែមករាសម្រាប់អាណត្តិទីពីរមិនជាប់គ្នា ។

យ៉ាងណាក៏ដោយ សុន្ទរកថា គោលនយោបាយតាមកញ្ចក់ទូរទស្សន៍ របស់លោក ត្រាំ ដែលជារឿយៗ បានបន្លឺឡើងនូវសុន្ទរកថា យុទ្ធនាការដែលពោរពេញ ទៅដោយការរិះគន់ របស់អ្នកកាន់តំណែង មុនរបស់លោក គឺលោក ចូ បៃដិន បានកើតឡើងនៅពេលដែលភាពតានតឹង កំពុងកើនឡើងនៅលើមុខជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស រួមទាំងការបញ្ឈប់បុគ្គលិក សហព័ន្ធទ្រង់ទ្រាយធំ និងពន្ធគយដ៏គឃ្លើនរបស់រដ្ឋបាល របស់លោកលើការនាំចូល ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top