ព័ត៌មានអន្តរជាតិ

លោក Macron ថា លោកនឹងពិភាក្សាជាមួយសម្ព័ន្ធមិត្ត លើការការពារអឺរ៉ុបជាមួយនឹងនុយក្លេអ៊ែររបស់បារាំង

afp

បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃពុធថា លោកនឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តអ៊ឺរ៉ុបអំពីលទ្ធភាព នៃការប្រើប្រាស់នុយក្លេអ៊ែររបស់បារាំងដើម្បីការពារទ្វីបអឺរ៉ុប ពីការគំរាមកំហែងរបស់រុស្ស៊ី ចំពេលមានការព្រួយបារម្ភអំពីការផ្តាច់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសបារាំងគឺជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់នៅក្នុងសហភាពអឺរ៉ុប។

លោក Macron នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅមុនកិច្ចប្រជុំកំពូលអឺរ៉ុបពិសេសមួយកាលពីថ្ងៃព្រហស្បតិ៍ បានពណ៌នាប្រទេសរុស្ស៊ីថាជា “ការគំរាមកំហែងដល់ប្រទេសបារាំង និងអឺរ៉ុប” ហើយបាននិយាយថា លោកបានសម្រេចចិត្ត “បើកការពិភាក្សាជាយុទ្ធសាស្ត្រស្តីពីការការពារសម្ព័ន្ធមិត្តរបស់យើងនៅលើទ្វីបអឺរ៉ុបដោយនុយក្លេអ៊ែររបស់យើង” ។

លោក​បាន​និយាយ​ថា ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​បារាំង​នឹង​នៅ​តែ​ស្ថិត​ក្នុង​ដៃ​របស់​ប្រធានាធិបតី​បារាំង​តែ​ប៉ុណ្ណោះ។

ចំណាត់ការរបស់លោក Macron ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការជំរុញរបស់អ្នកឈ្នះការបោះឆ្នោតអាល្លឺម៉ង់លោក Friedrich Merz ដែលថ្មីៗនេះបានអំពាវនាវឱ្យមានការពិភាក្សាស្តីពី “ការចែករំលែកនុយក្លេអ៊ែរ” ជាមួយប្រទេសបារាំង។

មេដឹកនាំសហភាពអឺរ៉ុបត្រូវបានកំណត់ដើម្បីដោះស្រាយបញ្ហា នៃការរារាំងនុយក្លេអ៊ែរក្នុងចំណោមប្រធានបទផ្សេងទៀតក្នុងអំឡុងពេលកិច្ចប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងព្រុចសែលដែលផ្តោតលើការគាំទ្រសម្រាប់អ៊ុយក្រែននិងការការពារអឺរ៉ុប៕

ប្រែសម្រួលៈ ណៃ តុលា

To Top