ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក បញ្ជាក់ថា នឹងមិនទទួលសម្ពាធពីពន្ធគយ របស់អាមេរិកនោះទេ

AFP

ម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា ទីក្រុងម៉ិកស៊ិក នឹងមិនទទួលសម្ពាធពន្ធពីសហរដ្ឋអាមេរិកទេ ហើយប្រសិនបើចាំបាច់ នឹងស្វែងរកទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និតជាមួយប្រទេសកាណាដា និងប្រទេសដទៃទៀត នេះបើយោងតាមសម្តីប្រធានាធិបតី Claudia Sheinbaum ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី Sheinbaum បានឲ្យដឹងថា “វានឹងមិនមានការដាក់ស្នើលើកលែងពន្ធនោះទេ។ ម៉ិកស៊ិក ជាប្រទេសដ៏អស្ចារ្យ។ ម៉ិកស៊ិកមានភាពក្លាហាន ធន់ និងរឹងមាំ ហើយសេដ្ឋកិច្ចរបស់យើងរឹងមាំ។ ប្រសិនបើស្ថានភាពនេះនៅតែបន្ត យើងនឹងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយកាណាដា និងប្រទេសដទៃទៀត”។

ការអត្ថាធិប្បាយរបស់នាង បានធ្វើឡើងដើម្បីឆ្លើយតបនឹង ការសម្រេចចិត្តរបស់រដ្ឋបាលលោក ត្រាំ ក្នុងការដាក់ពន្ធ ២៥ ភាគរយលើទំនិញម៉ិកស៊ិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Sheinbaum បានលើកឡើងថា លោកស្រីនឹងពិភាក្សាអំពីបញ្ហានេះ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលការហៅទូរស័ព្ទ ដែលបានគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍ ហើយថាប្រសិនបើគ្មានកិច្ចព្រមព្រៀង ណាមួយត្រូវបានឈានដល់នោះ ម៉ិកស៊ិក មានទាំងវិធានការពន្ធគយ និងមិនមែនពន្ធ ដែលអាចឆ្លើយតបបាន។

លោកស្រី គ្រោងនឹងប្រកាសពីការឆ្លើយតបរបស់ម៉ិកស៊ិក នៅក្នុងការជួបជុំសាធារណៈដែលបានកំណត់ សម្រាប់ថ្ងៃអាទិត្យនៅទីលានសំខាន់នៃរដ្ឋធានី។ លោកស្រី Sheinbaum បានបញ្ជាក់ថា “ប្រឈមមុខនឹងពន្ធគយទាំងនេះ យើងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់” ដោយបានអំពាវនាវឱ្យប្រជាជនម៉ិកស៊ិកទាំងអស់ ចូលរួមការជួបជុំនៅថ្ងៃអាទិត្យ ជាជាងការរិះគន់ពីចម្ងាយ។

លោកស្រី បានបន្ដថា វាជាទំនួលខុសត្រូវរបស់មនុស្ស គ្រប់រូបក្នុងការការពារសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ប្រទេសម៉ិកស៊ិក។ លោកស្រីបន្ថែមថា “គោលដៅរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ហាក់ដូចជាកំពុងផ្លាស់ប្តូររោងចក្រពីម៉ិកស៊ិកទៅសហរដ្ឋអាមេរិក” ខណៈពេលដែលពន្ធគយពិតជានឹង ប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើង ប្រសិនបើពួកគេនៅតែបន្ត នោះពួកគេក៏នឹងប៉ះពាល់យ៉ាងខ្លាំង ដល់សហរដ្ឋអាមេរិកដូនគ្នា”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top