តូក្យូ៖ រដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ចនៃប្រទេសជប៉ុន និងអង់គ្លេស បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មសេរី និងបើកចំហរអន្តរជាតិ ដោយមានការព្រួយបារម្ភកើនឡើងជុំវិញផលប៉ះពាល់ ពីការគម្រាមកំហែងពន្ធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រឆាំងនឹងដៃគូពាណិជ្ជកម្មសំខាន់ៗ។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មានថា នៅក្នុងកិច្ចសន្ទនា “ពីរបូកពីរ” លើកដំបូងស្តីពីសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដែលបានធ្វើឡើងនៅទីក្រុងតូក្យូ រដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងទីក្រុងតូក្យូថា ពួកគេនឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកថាមពល និងសន្តិសុខ។
លោក Iwaya និងរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មលោក Yoji Muto បានជួបជាមួយសមភាគីអង់គ្លេសរបស់ពួកគេគឺលោក David Lammy និងលោក Jonathan Reynolds ។
លោក Iwaya បានលើកឡើងថា “ការចែករំលែកតម្លៃជាមូលដ្ឋាន ប្រទេសជប៉ុន និងអង់គ្លេសនឹងរក្សាកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ និងពង្រឹងសណ្តាប់ធ្នាប់សេដ្ឋកិច្ចសកលដោយសេរី យុត្តិធម៌ និងផ្អែកលើច្បាប់”។ លោក Lammy បានសង្កត់ធ្ងន់ថា ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរគឺ “នៅក្នុងប្រព័ន្ធអន្តរជាតិ ដែលមានស្ថិរភាព”។
លោក Muto បានឲ្យដឹងផងដែរថា អ្នកទាំងបួនបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការដោះស្រាយបញ្ហា “ការផលិតហួសប្រមាណ និងការបង្ខិតបង្ខំសេដ្ឋកិច្ច” ដោយការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារៈសំខាន់ៗ ជាក់ស្តែងជាមួយនឹងការព្រួយបារម្ភអំពីទិន្នផលដែក និងរថយន្តអគ្គិសនីរបស់ប្រទេសចិន។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានអះអាងពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក និងគាំទ្រការផ្លាស់ប្តូរថាមពលស្អាតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕
ប្រែសម្រួល ឈូក បូរ៉ា
