ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធការចរចា ដើម្បីរុះរើកម្មវិធីនុយក្លេអ៊ែរសន្តិភាព

AFP

តេហេរ៉ង់៖ បេសកកម្មរបស់ប្រទេសអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការចរចាដើម្បីរុះរើកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធីរបស់ខ្លួន “នឹងមិនកើតឡើងឡើយ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បេសកកម្មបានឲ្យដឹងថា អ៊ីរ៉ង់អាចនឹងពិចារណាលើការពិភាក្សា ដើម្បីដោះស្រាយការព្រួយបារម្ភលើសកម្មភាព យោធាដែលមានសក្តានុពល នៃសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែបានច្រានចោលការពិភាក្សាណាមួយ ដែលមានគោលបំណងលុបបំបាត់ កម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ខ្លួន។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់បណ្តាញព័ត៌មាន Fox Business ក្នុងបទសម្ភាសន៍មួយដែលបាន ចាក់ផ្សាយកាលពីថ្ងៃសុក្រថា លោកចង់ចរចាជាមួយអ៊ីរ៉ង់ លើបញ្ហានុយក្លេអ៊ែរ ហើយបានផ្ញើលិខិតមួយទៅកាន់មេដឹកនាំអ៊ីរ៉ង់។ បេសកកម្មអង្គការសហប្រជាជាតិរបស់អ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃសុក្រផងដែរថា ខ្លួនមិនបានទទួលលិខិតបែបនេះទេ។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោកក្នុងឆ្នាំ ២០១៥ ដោយយល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ក្រោយមកសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកតិកាសញ្ញានៅឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោក ត្រាំ និងបានដាក់ទណ្ឌកម្មឡើងវិញ ដែលជំរុញឱ្យអ៊ីរ៉ង់កាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងឡើងវិញ មានការរីកចម្រើនតិចតួច។ មន្ត្រីអ៊ីរ៉ង់ បាននិយាយម្តងហើយម្តងទៀតថា ទីក្រុងតេអេរ៉ង់ នឹងមិនចរចាក្រោមសម្ពាធ ឬទណ្ឌកម្មទៀតនោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top