
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត South China Morning Post (SCMP) បានរាយការណ៍ កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពការទូតថា ប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping អាចជួបប្រជុំគ្នា នៅដើមខែមេសា ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម ដែលកំពុងកើនឡើង និងបញ្ហាទ្វេភាគីផ្សេងទៀត ។
កិច្ចប្រជុំលើកដំបូងអាចធ្វើឡើង នៅក្នុងប្រទេសចិន ប៉ុន្តែការពិភាក្សាអំពីទីតាំង ចុងក្រោយនៅតែកំពុងបន្ត នេះបើយោងតាមប្រភពរបស់ប្រភពដដែល។
តាមសេចក្តីរាយការណ៍ ដដែលបានឲ្យដឹងថា លោក Trump បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះលោក Xi នៅឯអចលនទ្រព្យ Mar-a-Lago របស់គាត់ក្នុងរដ្ឋ Florida ដោយបានរំឮកដល់កិច្ចប្រជុំកាលពីឆ្នាំ ២០១៧ របស់មេដឹកនាំទាំងពីរ។
របាយការណ៍ SCMPដដែល បានរាយការណ៍ថា ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីចិនពេញចិត្តនឹង ការកំណត់ជាផ្លូវការបន្ថែមទៀត ទាំងនៅទីក្រុងប៉េកាំង ឬទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃកិច្ចពិភាក្សានេះ។
គួរឲ្យដឹងដែរថាចាប់តាំងពីចូលកាន់ តំណែងនៅថ្ងៃទី២០ខែមករាមក លោក Trump បានដំឡើងពន្ធទ្វេដងលើការ នាំចូលរបស់ចិនទាំងអស់ពី១០ភាគរយទៅ២០ភាគរយលើពន្ធដែលមានស្រាប់លើផលិតផលរាប់ពាន់មុខ ដោយលើកឡើងពីតម្រូវការដើម្បីការពារផលប្រយោជន៍ របស់អាមេរិក និងដោះស្រាយកង្វល់ជុំវិញ អតុល្យភាពពាណិជ្ជកម្ម ដែលក្នុងនោះគេមើលឃើញថា វិស័យសំខាន់ៗ ដែលរងផលប៉ះពាល់រួមមានដែក អាលុយមីញ៉ូម និងទំនិញប្រើប្រាស់ផ្សេងៗផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
