បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រេសិតពិសេសអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បាននិយាយថា មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានសុំទោសប្រធានាធិបតី អាមេរិក Donald Trump រួចរាល់ហើយជុំវិញ ហេតុការណ៍ប៉ះពាក្យសំដីគ្នា នៅអគារសេតវិមាន កាលពីលើកមុន។
មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើការ កត់សម្គាល់កាលពីថ្ងៃចន្ទនៅក្នុងបទសម្ភាសន៍ជាមួយ Fox News មុនពេលកិច្ចប្រជុំរវាង គណៈប្រតិភូអាមេរិក និងអ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើង នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងសប្តាហ៍នេះ។
លោក Witkoff បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន រំពឹងថានឹងធ្វើឱ្យមាន វឌ្ឍនភាពច្រើន ហើយសង្ឃឹមថា នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសំខាន់ មួយជាមួយទីក្រុងគៀវ ក្នុងពេលខាងមុខនេះឡើងវិញផងដែរ។
លោក Witkoff បានថ្លែងបែបនេះថា ៖ ខ្ញុំគិតថាវាជាជំហានដ៏សំខាន់មួយ ហើយមានការពិភាក្សា ជាច្រើនរវាងក្រុមរបស់យើង និង អ៊ុយក្រែន និងអឺរ៉ុប ដែលពាក់ព័ន្ធ នឹងការពិភាក្សានេះផងដែរ ។ លោកZelensky បានផ្ញើលិខិតទៅប្រធានាធិបតី។ លោកបានសុំទោសចំពោះឧប្បត្តិហេតុទាំងមូល ដែលបានកើតឡើង នៅការិយាល័យ Ovalរួចរាល់ហើយ។
លោក Trump បានបង្ហាញថា គាត់បានទទួលលិខិត ដ៏សំខាន់មួយពីលោក Zelensky កាលពីសប្តាហ៍មុន ដោយបញ្ជាក់ថា ទីក្រុងគៀវ បានសម្តែងការត្រៀមខ្លួន ដើម្បីមកតុចរចាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ប៉ុន្តែយ៉ាងណាមិញ ប្រធានាធិបតីអាមេរិក មិនបានលើកឡើងថា លិខិតនោះមានការសុំទោស ចំពោះហេតុការណ៍នៅ Oval Office នោះទេ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
