
បរទេស៖ ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចបាន “ការបង្រួបបង្រួមដោយសន្តិភាព” ជាមួយកោះតៃវ៉ាន់ ប៉ុន្តែក៏នឹងចាត់វិធានការចាំបាច់ទាំងអស់ផងដែរ ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសចិន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ចិនបានអះអាងថា គ្រប់គ្រងកោះតៃវ៉ាន់តាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ខ្លួនទោះបីមាន ការជំទាស់ពីរដ្ឋាភិបាលទីក្រុងតៃប៉ិក៏ដោយ។ ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈឹងតេ បាននិយាយថា មានតែប្រជាជនកោះតៃវ៉ាន់ទេដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ។
កាលពីសប្តាហ៍មុន នៅខាងក្រៅកិច្ចប្រជុំសភាប្រចាំឆ្នាំរបស់ប្រទេសចិន រដ្ឋមន្ត្រីការបរទេស Wang Yi បានប្រាប់អ្នកសារព័ត៌មានថា កោះតៃវ៉ាន់នឹងមិនក្លាយជា “ប្រទេស” ហើយការដែលគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” គឺជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅពេលត្រូវបាន សួរអំពីសុន្ទរកថារបស់លោក Wang លើកោះតៃវ៉ាន់ថា ប្រទេសចិន “មានឆន្ទៈក្នុងការធ្វើឱ្យអស់ពីសមត្ថភាពរបស់យើង ក្នុងការខិតខំដើម្បីអនាគតនៃការបង្រួបបង្រួម ដោយសន្តិវិធីជាមួយនឹងភាពស្មោះត្រង់បំផុត” ។
លោកស្រី Mao បាននិយាយថា “ក្នុងពេលជាមួយគ្នានេះ ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ” ៕
ប្រែសម្រួលៈ ណៃ តុលា
