ព័ត៌មានអន្តរជាតិ

កប៉ាល់ដឹកទំនិញ បុកកប៉ាល់ដឹកប្រេងយន្តហោះ សម្រាប់យោធាអាមេរិក បណ្តាលឱ្យឆេះ និងធ្លាយប្រេងហូរចូលក្នុងសមុទ្រខាងជើង

AFP

បរទេស៖ កប៉ាល់ដឹកទំនិញមួយគ្រឿងបានបុកកប៉ាល់ដឹកប្រេងយន្តហោះ សម្រាប់យោធាអាមេរិក នៅឯភាគខាងកើតប្រទេសអង់គ្លេស កាលពីថ្ងៃចន្ទ ដោយបានធ្វើឱ្យកប៉ាល់ទាំងពីរបានឆេះ និងធ្លាយប្រេងឥន្ធនៈហូរចូលទៅក្នុងសមុទ្រខាងជើង។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មនុស្សទាំងអស់ លើកលែងតែនាវិកម្នាក់ ក្នុងចំណោមនាវិក ៣៧នាក់ នៃកប៉ាល់ទាំងពីរ ត្រូវបានជួយសង្គ្រោះយកមកច្រាំងដោយសុវត្ថិភាព។ ម្ចាស់នាវា Ernst Russ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកនាវិកម្នាក់មកពីកប៉ាល់ដឹកទំនិញឈ្មោះ Solong បានបាត់ខ្លួន។

ម្ចាស់កប៉ាល់បាននិយាយថា “សមាជិកនាវិក Solong ១៣ នាក់ក្នុងចំណោម ១៤ នាក់ត្រូវបាននាំយកទៅច្រាំងដោយសុវត្ថិភាព” ។ ម្ចាស់​កប៉ាល់​ដឹក​ប្រេង​បាន​និយាយ​ថា ​សមាជិក​នាវិក​ទាំង​២៣​នាក់​មាន​សុវត្ថិភាព។

ឆ្មាំឆ្នេរសមុទ្រអង់គ្លេសបាននិយាយថា នាវាទាំងពីរនៅតែឆេះក្នុងរយៈពេល ១២ ម៉ោងបន្ទាប់ពីការប៉ះទង្គិចគ្នា។ ពួកគេបាននិយាយថា ពួកគេបានបញ្ចប់ការស្វែងរកសមាជិកនាវិកដែលបាត់ខ្លួន។ ពួកគេ​បាន​បញ្ជាក់​ថា មនុស្ស ៣៦ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​នាំ​យក​មក​ច្រាំង ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top