ព័ត៌មានអន្តរជាតិ

ជប៉ុន ប្ដេជ្ញាធ្វើការជាមួយកាណាដា ក្រោមនាយករដ្ឋមន្ត្រីបន្ទាប់របស់ខ្លួន ដើម្បីសន្តិភាព និងការឯកភាពនៅក្នុងក្រុមប្រទេស G7

kyodo

តូក្យូ៖ ប្រទេសជប៉ុនបានឲ្យដឹងថា ខ្លួននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសកាណាដា ដើម្បីធានាសន្តិភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងរក្សាការរួបរួមក្នុងចំណោមក្រុមប្រទេសទាំងប្រាំពីរ ខណៈដែលអតីតធនាគារកណ្តាលលោក Mark Carney ត្រៀមខ្លួនក្លាយជានាយករដ្ឋមន្ត្រីកាណាដាបន្ទាប់។

អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Yoshimasa Hayashi បានគូសបញ្ជាក់អំពីតម្រូវការក្នុងការ ពង្រឹងទំនាក់ទំនងជាមួយប្រទេសកាណាដា ដោយថា ខ្លួនចែករំលែកជាមួយតម្លៃ ជាមូលដ្ឋានរបស់ប្រទេសជប៉ុន ដូចជាសេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ រួមជាមួយនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្រ។

ប្រទេសកាណាដា កាន់តំណែងជាប្រធាន G7 នៅឆ្នាំនេះ នៅពេលដែលការវិលត្រឡប់របស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើឱ្យមានការព្រួយបារម្ភអំពីការរួបរួមរបស់ក្រុម នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារ័ត៌មានក្យូដូជប៉ុន។

លោក Hayashi បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “យើងនឹងសហការជាមួយកាណាដា ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពនៃតំបន់ និងពិភពលោក ខណៈពេលដែលកំពុងធ្វើការ ដើម្បីធានាថា G7 ត្រូវបានរួបរួមគ្នា” ។

គណបក្សសេរីនិយមដែលគ្រប់គ្រងប្រទេសកាណាដា កាលពីថ្ងៃអាទិត្យបានបោះឆ្នោតជ្រើសរើសលោក Carney ជាមេដឹកនាំរបស់ខ្លួន ដោយកំណត់ដំណាក់កាលឱ្យ លោកឡើងស្នងតំណែងលោក Justin Trudeau ដែលបានប្រកាសពីការសម្រេចចិត្ត ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top