
បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅយប់ថ្ងៃអង្គារ ត្រូវបានគេឃើញឡើងជិះយន្តហោះតូចមួយ បន្ទាប់ពីចំណាយពេលមួយថ្ងៃនៅឯមូលដ្ឋានទ័ពអាកាស Villamor បន្ទាប់ពីការចាប់ខ្លួនលោក។
យោងតាមសារព័ត៌មាន ASB BCN ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា យន្តហោះនេះត្រូវបានគេរាយការណ៍ថា នឹងនាំលោក Duterte ទៅកាន់ទីក្រុងឡាអេ ជាកន្លែងដែលោកនឹងប្រឈមមុខនឹងការកាត់ទោសនៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC), នេះបើយោងតាមខ្សែវីដេអូដែលបានចែករំលែកនៅលើ Facebook ដោយមន្ត្រីប៉ូលីសចូលនិវត្តន៍ម្នាក់។
វីដេអូដែលត្រូវបានចែករំលែកនៅលើ Facebook ដោយឧត្តមសេនីយប៉ូលីសចូលនិវត្តន៍ Filmore Bondilles Escobal បានបង្ហាញមន្រ្តីប៉ូលីសនៅជុំវិញលោក Duterte ខណៈពេលដែលលោកកំពុងឡើងយន្តហោះ។
អតីតលេខាធិការប្រតិបត្តិ Salvador Medialdea ក៏ត្រូវបានគេឃើញឡើងយន្តហោះផងដែរ។
សូមជម្រាបថា លោក Duterte ត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រឡប់ពីហុងកុង ហើយប៉ូលីសបាននាំលោកទៅឃុំឃាំងតាមបញ្ជារបស់តុលាការ ICC ដែលបាននិងកំពុងស៊ើបអង្កេតការសម្លាប់ដ៏ធំដែលបានកើតឡើងក្រោមការបង្រ្កាបដ៏សាហាវរបស់អតីតប្រធានាធិបតីរូបនេះ ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់។ នេះបើតាម ការិយាល័យប្រធានាធិបតីលោក Ferdinand Marcos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
តុលាការ ICC បានចាប់ផ្តើមការស៊ើបអង្កេតលើការសម្លាប់ក្នុងករណីគ្រឿងញៀនក្រោមការដឹកនាំរបស់លោក Duterte ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១១ នៅពេលដែលលោកនៅជាអភិបាលក្រុង Davao ភាគខាងត្បូង រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលអាចកើតមាន។
លោក Duterte នៅឆ្នាំ២០១៩ បានដកហ្វីលីពីន ពីលក្ខន្តិកៈទីក្រុងរ៉ូម នៅក្នុងសកម្មភាពមួយ ដែលសកម្មជនសិទ្ធិមនុស្សនិយាយថា មានគោលបំណងគេចចេញពីការទទួលខុសត្រូវលើការសម្លាប់នេះ៕
ប្រែសម្រួលៈ ណៃ តុលា
