
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានប្រកាសថា លោកនឹងធ្វើការទំនាក់ទំនងជាមួយ សមភាគីរុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីច្រកចេញដ៏មានសក្តានុពល ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន។
មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីការចរចាជាមួយគណៈប្រតិភូអ៊ុយក្រែន ដែលត្រូវបានគេរាយការណ៍ថា បានយល់ព្រមចំពោះសំណើរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់បទឈប់បាញ់បណ្តោះអាសន្ន។
នៅក្នុងសន្និសីទកាសែតជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីល្ងាចថ្ងៃអង្គារ លោក Waltz បាននិយាយថា គណៈប្រតិភូអ៊ុយក្រែនបានបញ្ជាក់ យ៉ាងច្បាស់ថាពួកគេចែករំលែកចក្ខុវិស័យរបស់ប្រធានាធិបតី Donald Trump សម្រាប់សន្តិភាព និងការប្តេជ្ញាចិត្តរបស់គាត់ ក្នុងការបញ្ចប់ការប្រយុទ្ធគ្នា។
លោកបានបញ្ជាក់ទៀតថា ដូច្នេះខ្ញុំនឹងត្រូវតែពិភាក្សាជាមួយ សមភាគីរុស្ស៊ីរបស់ខ្ញុំនៅប៉ុន្មានថ្ងៃខាងមុខ។
យោងតាមទីប្រឹក្សាសន្តិសុខជាតិ របស់សហរដ្ឋអាមេរិកដដែលនេះរូបនេះ បានឲ្យដឹងដែរថា ជាលទ្ធផលនៃជំហានវិជ្ជមានឆ្ពោះទៅមុខនេះ ប្រធានាធិបតីបានសម្រេចចិត្តលុបចោលការផ្អាកជំនួយ និងលើជំនួយសន្តិសុខចំពោះអ៊ុយក្រែន ហើយវានឹងចាប់ផ្តើមមានប្រសិទ្ធភាពវិញភ្លាមៗផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
