ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ថា ការចាប់ខ្លួន លោក Duterte គឺ ត្រឹមត្រូវ និងមិនមែន ​ជាការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយឡើយ

AFP

បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយថា ប៉ូលីសហ្វីលីពីនបានចាប់ខ្លួន អតីតប្រធានាធិបតី លោក Rodrigo Duterte នៅទីក្រុងម៉ានីល កាលពីថ្ងៃអង្គារ ហើយបានបញ្ជូនគាត់ តាមយន្តហោះ ទៅកាន់ ប្រទេសហូឡង់ ដើម្បីប្រឈមមុខនឹងការចោទ ប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិនៅតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Marcos បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីយប់ថ្ងៃអង្គារថា តុលាការពិភពលោកនៅទីក្រុង ឡាអេបានបញ្ជាឱ្យចាប់ខ្លួន លោក Duterte តាមរយៈប៉ូលីស Interpol បន្ទាប់ពី បានចោទប្រកាន់ លោកពីបទឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិជុំវិញ ការបង្ក្រាបគ្រឿងញៀនដ៏សាហាវ ក្នុងពេលលោក កំពុងកាន់តំណែង។ លោក Duterte ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ អន្តរជាតិក្រុងម៉ានីល កាលពីព្រឹកថ្ងៃអង្គារ ពេលលោកមកដល់ ជាមួយក្រុមគ្រួសារពីទីក្រុងហុងកុង។

ដើរយឺតៗដោយប្រើឈើច្រត់ អតីតប្រធានាធិបតីអាយុ ៧៩ ឆ្នាំ Rodrigo Duterte បានបង្វែរភ្លាមៗទៅកាន់ជំនួយការ និងអ្នកគាំទ្រមួយក្រុមតូច ដែលបានយំ និងលាលោក មុនពេលអ្នកអមដំណើរបានជួយលោកចូលទៅក្នុងយន្តហោះ។

កូនស្រីរបស់លោក គឺអនុប្រធានាធិបតី Sara Duterte បាននិយាយថា លោកស្រីបានស្វែងរកការចូល ទៅកាន់មូលដ្ឋានអាកាស ដែលឪពុករបស់នាង ត្រូវបានឃុំខ្លួន ប៉ុន្តែត្រូវបានគេបដិសេធ។ លោកស្រីបានរិះគន់រដ្ឋបាល របស់លោក Marcos ចំពោះការប្រគល់ឪពុករបស់លោកស្រី ទៅតុលាការបរទេស ដែលបច្ចុប្បន្ន គ្មានយុត្តាធិការ សម្រាប់ហ្វីលីពីន ។

យ៉ាងណាក៏ដោយលោក Marcos បាននិយាយថា ការចាប់ខ្លួន លោក Duterte គឺ ត្រឹមត្រូវ ហើយមិនមែនជាទង្វើ នៃការធ្វើទុក្ខបុកម្នេញផ្នែក នយោបាយនោះទេ ព្រោះហ្វីលីពីនជាសមាជិកនៃ Interpol ៕

ប្រែសម្រួលៈ ណៃ តុលា

To Top