
សេអ៊ូល៖ ក្រុមហ៊ុនផលិតដែកថែប របស់កូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មី និងតឹងតែងនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ខណៈដែលរដ្ឋាភិបាល សហរដ្ឋអាមេរិក ត្រូវបានកំណត់ឱ្យចាប់ផ្តើមដំឡើងពន្ធលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ចាប់ពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាកងារ សារព័ត៌មានយុនហាប់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការយកពន្ធយ៉ាងច្រើន លើដៃគូពាណិជ្ជកម្មមួយចំនួនរបស់ប្រទេសលោក ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា ។ ក្នុងចំណោមនោះមានពន្ធ ២៥ ភាគរយ លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលគ្រោងនឹងចាប់ផ្តើមនៅរសៀលថ្ងៃពុធនេះ (ម៉ោងនៅប្រទេសកូរ៉េ)។
ជាការឆ្លើយតបទៅនឹងពន្ធដ៏ច្រើននេះ ក្រុមហ៊ុនដែកថែបកូរ៉េ រួមទាំងក្រុមហ៊ុន POSCO និង Hyundai Steel Co. បានឲ្យដឹងថា ពួកគេនឹងសហការយ៉ាងជិត ស្និទ្ធជាមួយរដ្ឋាភិបាល និងអភិវឌ្ឍផលិតផលលំដាប់ខ្ពស់បន្ថែមទៀត ដើម្បីរក្សាចំណែករបស់ពួកគេ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន POSCO បានឲ្យដឹងតាមទូរស័ព្ទថា “ក្រុមហ៊ុននឹងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការអភិវឌ្ឍន៍ផលិតផលបន្ថែមតម្លៃ និងកាត់បន្ថយថ្លៃដើមផលិតកម្មបន្ថែមទៀត ដើម្បីទទួលបានការប្រកួតប្រជែង ‘គ្មានគូប្រៀប’ ទោះបីជាលក្ខខណ្ឌទីផ្សារខាងក្រៅ ផ្លាស់ប្តូរយ៉ាងឆាប់រហ័សក៏ដោយ” ។ ក្រុមហ៊ុន POSCO បានឲ្យដឹងថា ខ្លួនកំពុងពិចារណាសាងសង់ រោងចក្រដែកនៅសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងរបាំងពន្ធគយ ៕
ប្រែសម្រួល ឈូក បូរ៉ា
