
“ចិនពង្រីកការបើកទូលាយ គឺមាននិរន្តរភាពនិងស្ថិរភាព ការរំពឹងទុកបែបនេះ មានសារសំខាន់ណាស់ ចំពោះសហគ្រាសទុនបរទេស ហើយក៏ជាមូលដ្ឋានគ្រឹះ នៃទីបង្អែកនិងជំនឿចិត្ត របស់យើងក្នុងការធ្វើអាជីវកម្ម យ៉ាងស៊ីជម្រៅនៅប្រទេសចិន ។ ”ប៉ុន្មានថ្ងៃជាប់មកនេះ លោកស្រី Wang Cong អគ្គនាយករង នៃក្រុមហ៊ុន Novonesisដ៏ល្បីឈ្មោះរបស់ដាណឺម៉ាក ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក បានតាមដានយ៉ាងដិតដល់ ចំពោះព័ត៌មានគោលនយោបាយ ដែលបញ្ចេញ ដោយមហាសន្និបាត នៃសភាទាំងពីររបស់ចិន ។ លោកស្រីបានថ្លែងថា របាយការណ៍ការងាររដ្ឋាភិបាលចិន ឆ្នាំនេះបាន គូសបញ្ជាក់ថា ត្រូវពូនជ្រំឧស្សាហកម្ម អនាគតដូចជាផលិតកម្ម ជីវសាស្ត្រជាដើម ដែលបង្ហាញទុកជាមុនថា វិស័យនេះគឺ មានលំហអភិវឌ្ឍន៍ធំណាស់ ។

ការតាមដានយ៉ាងដិត ដល់ ចំពោះមហាសន្និបាត នៃសភាទាំងពីររបស់ចិន ជាវគ្គសិក្សាចាំបាច់ សម្រាប់មន្រ្តីគ្រប់គ្រងជាន់ខ្ពស់ នៃសហគ្រាសបរទេស នៅចិនដូចលោកស្រី WangCong អ៊ីចឹង ។ គិតមកទល់ចុងឆ្នាំ២០២៤ សហគ្រាសដែលពាណិជ្ជករបរទេសវិនិយោគ និងបង្កើតនៅប្រទេសចិន មានចំនួនលើសពី១លាន២សែន៣ម៉ឹន៩ពាន់សហគ្រាស បានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន២០,៦ទ្រីលានយាន់ប្រាក់ចិន ។ នៅឆ្នាំ២០២៤ អត្រាផលកម្រៃរបស់សហគ្រាស ឧស្សាហកម្មទុន បរទេសធុនមធ្យម និងធំរបស់ចិន គឺខ្ពស់ជាងអត្រាផលកម្រៃ របស់សហគ្រាសឧស្សាហកម្មធុនមធ្យម និងធំទូទាំងប្រទេសចិនចំនួន១,២ភាគរយ ។
របាយការណ៍ការងារ រដ្ឋាភិបាល ឆ្នាំនេះ បានចាត់ទុក“ ការពង្រីកការបើកទូលាយ ចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ និងលំនឹងពាណិជ្ជកម្ម ជាមួយបរទេស និងលំនឹងការវិនិយោគទុនបរទេស យ៉ាងសកម្ម”ជាភារកិច្ចធំមួយក្នុងចំណោម ភារកិច្ចធំៗទាំង១០ នៃការងាររដ្ឋាភិបាលចិនឆ្នាំ២០២៥ ។ ពីការពង្រីកកន្លែងពិសោធន៍ ក្នុងវិស័យទូរគមនាគមន៍ សុខាភិបាលនិងការអប់រំជាដើម ដល់លើកទឹកចិត្តឱ្យវិនិយោគិន បរទេសពង្រីកការវិនិយោគទៀត និងធានាយ៉ាងប្រាកដប្រជា នូវការផ្តល់ផលអនុគ្រោះដូចគ្នា នឹងជនជាតិចិនដល់សហគ្រាស ទុនបរទេសក្នុងវិស័យជាច្រើន រហូតដល់ការបន្តបង្កើត បរិយាកាសប្រកបអាជីវកម្ម ដ៏ល្អប្រសើរ ដែលប្រកបដោយលក្ខណៈទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម របាយការណ៍បានបញ្ចេញ សញ្ញាយ៉ាងច្បាស់លាស់ថា ទ្វាររបស់ចិនកំពុងបើកចំហរឹតតែធំ ហើយទីផ្សារទុនបរទេសនឹងមានឱកាសកាន់តែច្រើន ។
ឆ្ពោះទៅរក “ការច្នៃប្រឌិតថ្មី”ជាលក្ខណៈពិសេសដ៏ច្បាស់លាស់ នៃការអភិវឌ្ឍសេដ្ឋកិច្ច របស់ចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយក៏បានផ្តល់លក្ខខណ្ឌអំណោយផលថ្មី សម្រាប់សហគ្រាសទុនបរទេសធ្វើអាជីវកម្ម យ៉ាងស៊ីជម្រៅនៅប្រទេសចិនដែរ ។ ក្នុងមហាសន្និបាត នៃសភាទាំងពីររបស់ចិនឆ្នាំនេះ ថ្នាក់ដឹកនាំកំពូលរបស់ចិន បានគូសបញ្ជាក់ថា “ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា និងច្នៃប្រឌិតថ្មីខាងឧស្សាហកម្ម ជាវិធីសាស្រ្តមូលដ្ឋានសម្រាប់អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី” ។
នេះបានទាក់ទាញការឆ្លើយតប ជាទូទៅយ៉ាងទូលំទូលាយ របស់សហគ្រាសទុនបរទេសនៅប្រទេសចិន ។ ពួកគេកំពុងរៀបចំយ៉ាងសកម្មនូវ “ផ្លូវប្រកួតថ្មី”និងលើកកម្ពស់ កម្លាំងប្រកួតប្រជែង ។
សហគ្រាសទុនបរទេសនាំគ្នា ជ្រើសរើសការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ នៅប្រទេសចិន មូលហេតុមិនពិបាកយល់ឡើយ ពោលគឺទីផ្សារទ្រង់ទ្រាយធំ ប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ល្អ ពេញលេញប្រកបដោយប្រសិទ្ធភាពខ្ពស់ បរិយាកាសច្នៃប្រឌិតថ្មី ដ៏ល្អប្រសើរជាបន្តបន្ទាប់ ការផ្គត់ផ្គង់ធនធាន មនុស្សប្រកបដោយគុណភាពខ្ពស់ដ៏គ្រប់គ្រាន់ និងតម្រូវការប្រើប្រាស់ដែលអាប់ដេតជាបន្តបន្ទាប់ ។ល។ សម្លឹងមើលទៅកាន់ ពិភពលោក ឧត្តមភាពបែបនេះមិនងាយថតចម្លងបានទេ ។ “ការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន” ជាការដើរស្របតាមទិសដៅតែមួយផង ហើយក៏ជាការផ្តល់ផល ប្រយោជន៍ដល់គ្នាផងដែរ វាពិតជាឱកាសដ៏សមស្រប៕
