ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលី ៖ ពន្ធគយរបស់អាមេរិក “មិនសមហេតុផលទាំងស្រុង”

afp

ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ដែលពណ៌នាពន្ធគយអាមេរិកថា “មិនសមហេតុផលទាំងស្រុង” បានឲ្យដឹងថា អូស្ត្រាលី នឹងមិនដាក់ពន្ធសងសឹកលើសហរដ្ឋអាមេរិកនោះទេ បើទោះបីជាខ្លួនបរាជ័យក្នុងការទទួលបានការលើកលែងពីពន្ធនាំចូលរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ លើដែកថែប និងអាលុយមីញ៉ូមរបស់អូស្ត្រាលីក៏ដោយ ។

លោក Albanese បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធនៅទីក្រុងស៊ីដនីថា “នេះគឺជាការប្រឆាំងនឹងស្មារតីនៃមិត្តភាពយូរអង្វែងរបស់ប្រទេសទាំងពីរ ហើយជាមូលដ្ឋានដែលផ្ទុយនឹងអត្ថប្រយោជន៍ ដែលភាពជាដៃគូសេដ្ឋកិច្ចរបស់យើងបានផ្តល់ក្នុងរយៈពេលជាង ៧០ឆ្នាំ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។

លោក Albanese បានលើកឡើងថា ជម្រើសរបស់លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធលើប្រទេសអូស្ត្រាលី គឺពិតជាមានសកម្មភាពអវិជ្ជមានសម្រាប់ទំនាក់ទំនងអាមេរិក និងអូស្ត្រាលី។ លោកបានបន្ដថាការសម្រេចចិត្តនេះក៏បង្កើនការចំណាយលើការនាំចូលទៅកាន់សហរដ្ឋអាមេរិកផងដែរ ហើយការចំណាយទាំងនេះនឹងត្រូវទទួលខុសត្រូវដោយជនជាតិអាមេរិក មិនមែនតែជនជាតិអូស្ត្រាលីនោះទេ។

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកមិនមែនជាទង្វើមិត្តភាពទេ ដោយបន្ថែមថាអូស្ត្រាលី ចែករំលែកទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ហើយមិត្តពិតគួរតែធ្វើសកម្មភាពក្នុងវិធី ដែលពង្រឹងការយល់ឃើញអំពីមិត្តភាពរបស់ពួកគេក្នុងចំណោមប្រជាជនរបស់ពួកគេ។ លោកក៏បានកត់សម្គាល់ផងដែរថា ខណៈទង្វើនេះក៏ត្រូវបានអនុវត្ត ចំពោះគ្រប់ប្រទេស។

លោក Albanese បានបញ្ជាក់ថា អូស្ត្រាលីនឹងមិនសងសឹកនឹងពន្ធរបស់លោក ត្រាំ ដោយបញ្ជាក់ថា សកម្មភាពបែបនេះគ្រាន់តែបង្កើនតម្លៃសម្រាប់អ្នកប្រើប្រាស់អូស្ត្រាលី និងជំរុញអតិផរណាប៉ុណ្ណោះ។ លោកបានបន្ថែមថា អូស្ត្រាលី នឹងបន្តចូលរួមប្រកបដោយការស្ថាបនាជាមួយសហរដ្ឋអាមេរិក ដោយធ្វើការតស៊ូមតិ ដើម្បីផលប្រយោជន៍នៃពាណិជ្ជកម្មអូស្ត្រាលី និងឥទ្ធិពលវិជ្ជមានរបស់វាទៅលើប្រជាជននៅសហរដ្ឋអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top