
ម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិចស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា លោកស្រី នឹងផ្ញើកំណត់ទូត មួយទៅកាន់ សហរដ្ឋអាមេរិក បន្ទាប់ពីបេសកជនអាមេរិកម្នាក់ បានរិះគន់លោកស្រី នៅក្នុងសន្និសីទ អង្គការសហប្រជាជាតិ សម្រាប់ការធ្វើបាតុកម្មនយោបាយ កាលពីថ្ងៃអាទិត្យ ក្នុងរដ្ឋធានីម៉ិកស៊ិក។
ការប្រមូលផ្តុំគ្នានេះ គឺមានគោលបំណង ជូនដំណឹងដល់សាធារណជន អំពីការចរចាចុងក្រោយរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក ដែលនាំឱ្យទីក្រុងវ៉ាស៊ីនតោន យល់ព្រមផ្អាកពន្ធគយពាណិជ្ជកម្ម មួយចំនួនលើទំនិញម៉ិកស៊ិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក Cartwright Weiland បេសកជនសហរដ្ឋអាមេរិក ប្រចាំនៅគណៈកម្មាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន បានឲ្យដឹងថា វាឆាប់ពេកក្នុងការ ប្រារព្ធពិធីនៅពេលដែលស្ត្រី និងកុមារត្រូវបានបាញ់ សម្លាប់នៅក្នុងប្រទេសម៉ិកស៊ិក ។ នោក្នុងនោះដែរលោកស្រី ប្រធានាធិបតី បានប្រាប់សន្និសីទកាសែត ប្រចាំថ្ងៃរបស់លោកស្រីថា “ការពិត គឺគ្មានហេតុផលអ្វីទេ នៅក្នុងព្រឹត្តិការណ៍ អង្គការសហប្រជាជាតិ លោកកំពុងផ្តល់យោបល់របស់លោក ចំពោះព្រឹត្តិការណ៍មួយ ក្នុងប្រទេសម៉ិកស៊ិក”។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ពន្ធគយពាណិជ្ជកម្មត្រូវបានរៀបចំឡើង ដើម្បីដាក់សម្ពាធលើប្រទេសម៉ិកស៊ិក ឱ្យធ្វើសកម្មភាពបន្ថែមទៀត ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍ និងការជួញដូរគ្រឿងញៀននៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក៕
ប្រែសម្រួល ឈូក បូរ៉ា
