
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេបញ្ជាការកំពូលរុស្សី លោក Valery Gerasimov បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ Kursk ភាគខាងលិច នៃប្រទេសរុស្ស៊ី ត្រូវបានឡោមព័ទ្ធទាំងស្រុង និងកំពុងដាក់ឲ្យដាច់ដោយឡែក។
មន្ត្រីកំពូលរូបនេះបានបន្ថែមទៀតថា មកទល់បច្ចុប្បន្ន ៨៦ភាគរយនៃទឹកដីរបស់ Kursk ត្រូវបានរំដោះ ហើយការបំផ្លិចបំផ្លាញ ជាប្រព័ន្ធនៃកងកម្លាំង សត្រូវកំពុងដំណើរការទៅមុខយ់ាងរលូន ។
លោកGerasimov ក៏បានរាយការណ៍ផងដែរ អំពីស្ថានភាពនៅក្នុងតំបន់ Kursk ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅបញ្ជាការដ្ឋាន មួយក្នុងតំបន់។
លោក Gerasimov បាននិយាយថា ក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ ក្រុមយោធាខាងជើង របស់រុស្ស៊ី បានគ្រប់គ្រងការតាំង ទីលំនៅចំនួន២៤កន្លែងនិងទឹកដី២៥៩គីឡូម៉ែត្រ ការ៉េដោយក្នុងនោះទាំងនៅតំបន់មួយចំនួន កងកម្លាំងរុស្ស៊ីបានរុលទៅមុខ និងឆ្លងចូលទៅក្នុងតំបន់ Sumy របស់អ៊ុយក្រែនទៀតផង ។
បន្ថែមពីនោះលោក Gerasimov បានឲ្យដឹងដែរថា នៅពេលខាងមុខ កងទ័ពអ៊ុយក្រែន នឹងត្រូវចាញ់នៅក្នុងតំបន់ Kursk ហើយកងកម្លាំងរបស់ទីក្រុងមូស្គូ នឹងធ្វើដំណើរទៅដល់តំបន់ព្រំដែន ចំណែកឯពេលនេះ ទាហានសត្រូវបានចុះចាញ់មានចំនួន ៤៣០ នាក់រួចហើយ៕
ប្រែសម្រួល៖ស៊ុនលី
