ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស G7 ជួបប្រជុំគ្នាលើបញ្ហាអ៊ុយក្រែន និងចិន

AFP

កាណាដា៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រជាធិបតេយ្យ អ្នកមានទាំងប្រាំពីរ G7 បានប្រមូលផ្តុំគ្នា នៅក្នុងរមណីយដ្ឋានតូចមួយរបស់ប្រទេសកាណាដា ដើម្បីពិភាក្សាអំពីកិច្ចការពិភពលោកសំខាន់ៗ ចាប់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែនរហូតដល់វិធីដោះស្រាយ ជាមួយនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

អ្នកការទូតមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប នឹងចាប់ផ្តើមកិច្ចពិភាក្សាជាផ្លូវការនៅទីក្រុងឡាម៉ាល់បៃ នៃខេត្តកេបិចប្រទេសកាណាដា នៅថ្ងៃព្រហស្បតិ៍នេះ ត្រឹមតែពីរថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមបន្តជំនួយផ្នែកយោធា និងការចែករំលែកចារកម្មជាមួយអ៊ុយក្រែន បន្ទាប់ពីទំនាក់ទំនងបានរលាយ។

នៅមុនថ្ងៃនៃកិច្ចពិភាក្សា G7 អ្នកចូលរួមស្ទើរតែទាំងអស់បានមកជួបជុំគ្នា សម្រាប់ការទទួលស្វាគមន៍នៅក្នុងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ពួកគេ​កំពុង​ជួប​ប្រជុំ​គ្នា​សម្រាប់​អ្វី​ដែល​មន្ត្រី​ហៅ​ថា​ ការ​ពិភាក្សា​ពេញ​លេញ​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ត្រឡប់​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានធ្វើដំណើរពីប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានឲ្យដឹងថា ពួកគេត្រៀមខ្លួនទទួលយកសំណើរបស់រដ្ឋបាលលោក ត្រាំ សម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃភ្លាមៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។

កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនបន្ទាប់ពីកិច្ចចរចាជាច្រើនម៉ោង កាលពីថ្ងៃអង្គារត្រូវបានស្វាគមន៍ដោយប្រទេស G7 ផ្សេងទៀត និងបាននាំមកនូវសន្ទុះថ្មីដល់ដំណើរការសន្តិភាព ដែលបានធ្លាក់ចុះជិតពីរសប្តាហ៍មុន នៅពេលដែលលោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប៉ះទង្គិចគ្នានៅឯសេតវិមាន នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ។

បទឈប់បាញ់ដែលបានស្នើឡើងនៅពេលនេះ ត្រូវការកិច្ចព្រមព្រៀងពីរុស្ស៊ី ដោយលោក ត្រាំ និងមន្ត្រីរដ្ឋបាលបានឲ្យដឹងថា វាអាស្រ័យលើវិមានក្រឹមឡាំង ដើម្បីបង្ហាញថា ខ្លួនចង់ផ្លាស់ទីក្នុងទិសដៅដូចគ្នាឬយ៉ាងណា ៕

ប្រែសម្រូល ឈូក បូរ៉ា

To Top